ភ្នំពេញ៖ ទីបំផុត! បុរស២នាក់ ដែលបង្ហោះការបង្អួតផឹកស្រានៅក្នុងរថយន្តតាមបណ្តាញសង្គម TikTok ដែលល្មើសបំរាមខណៈរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រូវបានបិទខ្ទប់នោះ។ ពេលនេះ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនបានហេីយកាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ។
បេីតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅល្ងាចថ្ងៃទី២១ ខែមេសានេះថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្រាវជ្រាវគណនី TikTok មួយដែលបានធ្វើការបង្ហោះវីដេអូជួបជុំផឹកគ្រឿងស្រវឹងក្នុងរថយន្ត ដោយមិនគោរពវិធានការរាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។
បន្ថែមពីនេះ លោកប្រធាននាយកដ្ឋាន បានបញ្ជាក់ទៀតថា ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងក្រោមការបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញរបស់លោក សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឈានទៅឃាត់ខ្លួនបុរសទាំង២នាក់បានហើយនៅថ្ងៃនេះ។
លោកឧត្តមសេនីយ៍ឯក ជា ពៅ បានឲ្យដឹងទៀតថា បុគ្គលទាំងពីរនេះរួមមាន៖ ទី១៖ ឈ្មោះ ពិន នាត អាយុ២៨ឆ្នាំ រស់នៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ; និងទី២៖ ឈ្មោះ ហូ ជីម អាយុ២៥ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង តែបច្ចុប្បន្នបុគ្គលទាំងពីរ កំពុងប្រកបមុខរបរនៅភ្នំពេញ។
បច្ចុប្បន្នបន្ទាប់ពីចាប់ខ្លួន បុគ្គលទាំង២នាក់នេះ កំពុងសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀតតាមនីតិវិធីច្បាប់៕ដោយ៖សហការី