លោក​ ដួង​ តារា​ ក្នុងពេលបិទខ្ទប់ភ្នំពេញ ម៉្តេចបានជាអាជ្ញាធរនិងសមត្ថកិច្ចសំដីតូចធំដាក់ពលរដ្ឋ?

ចែករំលែក៖

ភ្នំពេញ​៖​ បើយោងតាមការបង្ហោះហ្វេសប៊ុកផ្លូវការរបស់លោក ដួង តារា ជំនួយការសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី នៅយប់ថ្ងៃព្រហស្បតិ័ទី២២​ ខែមេសា​​ ឆ្នាំ២០២១នេះថា​៖ ពិតណាស់ខ្ញុំផ្ទាល់ក៏មិនចូលចិត្តពាក្យសំដីគំរោះគំរើយគ្មានសីលធម៍ ទោះជាពាក្យសំដីចេញពីមាត់មនុស្សធម្មតា មនុស្សចេះដឹង ឬពីសមត្ថកិច្ចជាដើម។ នៅក្នុងស្ថានការណ៍ដែលទីក្រុងភ្នំពេញនិងខេត្តកណ្តាលត្រូវបានបិទខ្ទប់ គឺយើងឃើញមានការបង្ហោះចែករំលែកឃ្លីបវីដេអូថា លោកនេះនិយាយព្រហឺនមិនចេះខ្លាចនរណា លោកនោះអាងអីបានជាសំដីខ្លាំងឡូឡាឡូយម្ល៉េះ…។ ក្នុងកំឡុងពេលរិតបន្តឹងការបិទខ្ទប់ជាពិសេសក្នុងទីក្រុងភ្នំពេញ គឺមានមនុស្សច្រើនណាស់ដែលចង់ចេញក្រៅ តែត្រូវអាជ្ញាធរ និងសមត្ថកិច្ចហាមឃាត់បិទមិនអោយចេញ ហើយពេលខ្លះក៏ប៉ះទង្គិចពាក្យសំដីគ្នា។

ខ្ញុំយល់ថាអាជ្ញាធរនិងសមត្ថកិច្ចដែលមានសំដីលើសលោះធ្ងន់ស្រាលខ្លះៗនោះ គឺដើម្បីការពារសុវត្ថិភាពអាយុជីវិតបងប្អូនតែប៉ុណ្ណោះ។ ដោយសារតែពួកគាត់មានកាតព្វកិច្ចទទួលខុសត្រូវខ្ពស់ ហើយ ភ័យព្រួយបារម្ភខ្លាំងខ្លាចបងប្អូនឆ្លងរោគកូវីដ១៩ ទើបពេលខ្លះពួកគាត់និយាយសំដីមិនបានពិរោះ ប៉ុន្តែក្នុងគោលបំណងល្អទេ គឺដើម្បីការពារអាយុជីវិតបងប្អូនតែប៉ុណ្ណោះ។ ជាឪពុកម្តាយគឺចង់អោយកូនចៅគ្រប់គ្នាបានល្អ ដូច្នេះសូមកុំប្រកាន់នឹងសំដីធំតូចរបស់ពួកគាត់។

ខ្ញុំគិតថាក្នុងស្ថានភាពសព្វថ្ងៃ យើងត្រូវមានការរយោគយល់អត់ឱនអធ្យាស្រ័យអោយបានច្រើន ព្រោះពួកគាត់ខិតខំធ្វើការទាំងយប់ថ្ងៃ ទាំងក្តៅទាំងភ្លៀង ទុកប្រពន្ធកូន ឪពុកម្តាយនៅផ្ទះ មិនបានមើលថែ ដើម្បីការពារអាយុជីវិតនិងក្រុមគ្រួសារយើងបានរស់នៅក្នុងផ្ទះសុខស្រួល។ ខ្ញុំគិតថាយើងនៅផ្ទះសុខសប្បាយហើយ គួរអរគុណនិងលើកទឹកចិត្តអាជ្ញាធរ និងសមត្ថកិច្ចដែលកំពុងធ្វើការហត់នឿយយ៉ាងខ្លាំងហើយប្រឈមនឹងហានិភ័យខ្ពស់ទៀតផង។

នៅពេលទីក្រុងភ្នំពេញបើកឡើងវិញហើយនោះ គឺបងប្អូនចង់ធ្វើដំណើរទៅណាក៏បានដែរ គ្មានអ្នកណាហាមឃាត់ទៀតទេ ហើយបងប្អូនសមត្ថកិច្ចនិងអាជ្ញាធរក៏បានពេលសម្រាកមើលថែទាំប្រពន្ធកូននិងក្រុមគ្រួសារផងដែរ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print