សមត្ថកិច្ច​ខេត្ដកំពង់ស្ពឺ បង្ក្រាប​ និងឃាត់ខ្លួនជនជាតិខ្មែរ៤នាក់ និងជនជាតិបរទេស៣៤នាក់​ ចំនួន​២ករណី​ លួចនាំមនុស្សចេញពីតំបន់បិទខ្ទប់នៅភ្នំពេញដោយខុសច្បាប់

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ​៖ នៅព្រឹកថៃ្ងទី២៣ ខែមេសា ឆ្នាំ ២០២១នេះ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានបញ្ជាក់ថា កម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបករណីលួចដឹកជញ្ជូន មនុស្សចេញពីតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញចំនួន២ករណី ដោយឃាត់ខ្លួនជាតិខ្មែរចំនួន ៤នាក់ ដែលជាអ្នកដឹកជញ្ជូនមនុស្ស និងឃាត់ខ្លួនបានជនជាតិបរទេសចំនួន ៣៤នាក់ (ជនជាតិឥណ្ឌូនេស៊ី១៦នាក់ និងជនជាតចិន១៨នាក់)។

បេីតាមការ​អះអាងពីលោកឧត្ដមសេនីយ៍ទោ សម សាមួន បានឱ្យដឹងថា ករណីទី១ គឺកើតឡើងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីចំនួន១៦នាក់ ក្នុងនោះស្រី៤នាក់ និងជនជាតិខ្មែរចំនួន២នាក់ ដែលជាអ្នកបើកបររថយន្តតាក់ស៊ី ដោយឃាត់បាននៅផ្សារឧដុង្គ ឃុំវាំងចាស់ ស្រុកឧដុង្គ។ ក្រោយការសួរនាំ ពួកគេបានសារភាពថា មានបំណងធ្វើដំណើរទៅកាន់ទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍​ សម​ សាមួន​ បន្តថា​ សម្រាប់ជនជាតិឥណ្ឌូនេស៊ីទាំង១៦នាក់ ត្រូវបានធ្វើការផាកពិន័យម្នាក់ ១លាន២សែនរៀល រួចបញ្ជូនបន្តទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចាត់ការបន្តទៀត។ ដោយឡែកជនជាតិខ្មែរ ទាំង២នាក់ ដែលជាអ្នកបើករថយន្តតាក់ស៊ី ត្រូវបានបញ្ជូនទៅកាន់តុលាការ និងត្រូវបានឃុំខ្លួនដាក់ពន្ធនាគារហើយ។

បន្ថែមពីនេះ​ លោកស្នងការ បានបន្តទៀតថា សម្រាប់ករណីទី២ គឺកើតឡើងកាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងនគរបាលរបស់លោក​ បន្តបង្ក្រាបការដឹកជញ្ជូនជនជាតិចិនចំនួន១៨នាក់ នៅផ្សារឧដុង្គដដែល ខណៈកំពុងធ្វើដំណើរទៅខេត្តបាត់ដំបង ហើយក៏ឃាត់ខ្លួនជនជាតិខ្មែរចំនួន២នាក់ផងដែរ។

គួរបញ្ជាក់ថា​ សម្រាប់ករណីទី២នេះដែរ​លោក​ សម​ សាមួន​ បានសង្កត់ធ្ងន់ថា ការអនុវត្តដូចនឹងទៅនឹងករណីជនជាតិឥណ្ឌូនេស៊ីយ៉ាងដូច្នេះដែរ ដោយធ្វើការផាកពិន័យម្នាក់ៗ ១លាន២សែន រួចបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ចាត់ការបន្តទៀត ខណៈបុរសជនជាតិខ្មែរទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការចាត់ការបន្ត៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print