ភ្នំពេញ, នៅវេលាម៉ោង១១យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំ ស្ដីពីការផ្អាកដំណើរការបណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ក្នុងរាជធានីភ្នំពេញ ។
ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពវិវឌ្ឍនៃការឆ្លងរីករាលដាលជំងឺកូវឺដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភះ ២០២១” ដោយផ្តោតសំខាន់ចំពោះបងប្អូនអាជីវករតាមបណ្ដាផ្សារទាំងអស់ ក្នុងរាជធានីភ្នំពេញ ដែលមាន ការឆ្លងជាបន្តបន្ទាប់ក្នុងអត្រាប្រឈមខ្ពស់ គួរឱ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការដើម្បីទប់ស្កាត់ជាបន្ទាន់។
ចំពោះមុខ ដើម្បីថែរក្សាអាយុជីវិត និងការពារសុខភាពរបស់បងប្អូនអាជីវករ ក្រុមគ្រួសារ
សាច់ញាតិ ប្រជាពលរដ្ឋទូទៅ និងសង្គមជាតិទាំងមូល ឱ្យរួចចាកផុតពីគ្រោះថ្នាក់ដោយជំងឺឆ្លងដ៏កាចសាហាវ ក៏ដូចជា ដើម្បីឈានទៅកាត់ផ្ដាច់ប្រភពចម្លង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖
១. ផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ (ផ្សារក្រមួន, ផ្សារចាត់តាំង, ផ្សាររោងចក្រ, ផ្សារសហគមន៍, ផ្សារក្នុងដីឡូត៍ឯកជន, ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវ ។ល។) ត្រូវផ្អាកដំណើរការជាបណ្ដោះអាសន្នរយៈពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ២.ដើម្បីចៀសវាងការពិន័យអន្តរការណ៏ និងការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន សូមបងប្អូន អាជីវករ សន្តិសុខ បុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធទាំងអស់ ដែលបានបើកអាជីវកម្ម ឬ បន្តអាជីវកម្ម គិតចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ មក ត្រូវអញ្ជើញ ទៅយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ តាមទីតាំងដែលបានកំណត់ជូន ដែលនៅជិតលំនៅឋាន របស់ខ្លួនបំផុត ។
សូមអាននូវខ្លឹមសារទាំងស្រុង របស់រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំ ស្ដីពីការផ្អាកដំណើរការបណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ក្នុងរាជធានីភ្នំពេញ ដូចខាងក្រោម ៕
ដោយ, សុខ ខេមរា