លោក ហ៊ុន ម៉ានី និងភរិយា ផ្តល់ម្សៅទឹកដោះគោនៅតំបន់ក្រហម ជូនដល់កុមារ និងទារក ៥៧គ្រួសារ

ចែករំលែក៖

ភ្នំពេញ​៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី​និងភរិយា លោកស្រី យឹម ឆៃលីន នៅព្រឹកថ្ងៃទី២៤ ខែមេសាឆ្នាំ២០២១នេះ​ បានផ្តល់ម្សៅទឹកដោះគោ​ ជូនដល់ទារក និងកុមារចំនួន ៥៧គ្រួសារ ដែលកំពុងរស់នៅក្នុងតំបន់ក្រហម ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១, ស្ទឹងមានជ័យ២ និងស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។

អំណោយម្សៅទឹកដោះគោនេះ ត្រូវបានក្រុមការងាររបស់លោក ហ៊ុន ម៉ានី និងលោកស្រី យឹម ឆៃលីន រួមជាមួយអាជ្ញាធរ បានយកទៅប្រគល់ជូនគ្រួសារទារក និងកុមារអាយុចាប់ពី ១ខែ ដល់ ៣ឆ្នាំ។

បើតាមការបញ្ជាក់ពីក្រុមការងារ លោក ហ៊ុន ម៉ានី​ បានឱ្យដឹងថា ការផ្តល់អំណោយម្សៅទឹកដោះគោនេះ បានធ្វើឡើងបន្ទាប់ពីអាណាព្យាបាលរបស់ទារក និងកុមារទាំង ៥៧គ្រួសារ បានអំពាវនាវតាមរយៈបណ្តាញសង្គមពីការខ្វះខាតម្សៅទឹកដោះគោសម្រាប់កូនៗរបស់ខ្លួន។​ ក្រោយទទួលបានព័ត៌មានភ្លាម លោក ហ៊ុន ម៉ានី និងភរិយា ក៏បានទាក់ទង និងរៀបចំចាត់ចែងម្សៅទឹកដោះគោ ហើយណែនាំឱ្យក្រុមការងារយកទៅផ្តល់ជូនភ្លាមតែម្តង។

ប្រភពដដែល​ បន្តថា អំណោយ​នេះក្នុងមួយគ្រួសារទទួលបានម្សៅទឹកដោះគោចំនួនពីរកំប៉ុង។

ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារ បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ហ៊ុន ម៉ានី និងលោកស្រី យឹម ឆៃលីន ដល់ប្រជាជននៅក្នុងតំបន់ក្រហម ព្រមទាំងការផ្តល់កម្លាំងចិត្តឱ្យមានការតាំងស្មារតីអត់ធ្មត់ឱ្យបានខ្ពស់ក្នុងគ្រាដ៏លំបាកនេះ និងចូលរួមអនុវត្តតាមវិធានការនានាដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ–១៩ ជាពិសេសគឺការអនុវត្តវិធានការ «៣ការពារ៣កុំ» ឱ្យបានខ្ជាប់ខ្ជួន។

ដោយឡែក​ចំពោះ​អ្នកម្តាយរបស់ទារក និងកុមារ ដែលទទួលបានអំណោយម្សៅទឹកដោះគោ បានថ្លែងអំណរគុណជ្រាលជ្រៅចំពោះលោកហ៊ុន ម៉ានី និងលោកស្រី យឹម ឆៃលីន ដែលមានទឹកចិត្តអាណិតអាសូរដល់កូនៗរបស់ពួកគេ ហើយផ្តល់ម្សៅទឹកដោះគោក្នុងពេលពួកគេជួបការលំបាក៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print