អាជ្ញាធរសម្រេចយកស្ដាតអូឡាំពិក, សាលាកូរ៉េកប់ស្រូវ និងព្រីមៀរសែនសុខ សម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដកម្រិតស្រាល
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល, លោក អ៉ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យ និងត្រៀមរៀបចំទីតាំងចំនួន៣បន្ថែមទៀត។
ខណៈដែលបច្ចុប្បន្នអត្រាអ្នកឆ្លងជំងឺកូវីដនៅរាជធានីភ្នំពេញ មិនមានសញ្ញាថមថយនៅឡើយទេ អាជ្ញាធរបានសម្រេចយកទីតាំងស្ដាតអូឡាំពិក, សាលាកូរ៉េកប់ស្រូវ ( វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC )និងព្រីមៀរសែនសុខ សម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ១៩ កម្រិតស្រាល ។
យ៉ាងណាមិញ សម្រាប់ចំនួនគ្រែដែលអាចផ្ទុកអ្នកជំងឺនោះ មិនទាន់ត្រូវបានអាជ្ញាធរបញ្ជាក់ឲ្យដឹងនៅឡើយទេ ព្រោះកំពុងពិនិត្យរៀបចំ។
មកទល់នឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វិធានការរបស់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននឹងកំពុងយកចិត្តទុកដាក់ខ្លាំងបំផុត ចំពោះវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19
ពិសេសនៅក្នុងរាជធានីភ្នំពេញ ផ្សារមួយចំនួនធំដែលគ្មានរបៀបរៀបរយ ត្រូវបានរដ្ឋបាលសាលារាជធានីភ្នំពេញប្រកាសបិទជាបណ្ដោះអាសន្ន ៕
ដោយ, សិលា