ភ្នំពេញ, នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបន្តសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ ក្នុងតំបន់បិទខ្ទប់ នៃភូមិសាស្ត្ររាជធានីភ្នំពេញ ដោយបញ្ជាក់ថា, ដើម្បីធានាប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុញ្ញាតឱ្យធ្វើដំណើរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក្នុងអំឡុងពេលបិទខ្ទប់ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាប ជូនដំណឹងដល់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មទាំងឡាយដែលបានទទួលលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ ពីរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១៤មេត្តាជ្រាបថា ដោយយោងតាមប្រការ១ នៃសេចក្តីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និង ក្រុងតាខ្មៅនៃខេត្តកណ្តាល សម្រាប់រយៈពេល៧(ប្រាំពីរ)ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នោះ រដ្ឋបាលរាជធានីភ្នំពេញ សូមបន្តសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែល បានផ្តល់ជូននឹងអាចប្រើប្រាស់បានរហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។
ទទួលបានសេចក្តីជូនដំណឹងនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ចំណុះរដ្ឋបាលរាជធានីភ្នំពេញ សាធារណជន និងបងប្អូនប្រជាពលរដ្ឋជ្រាប និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ, សិលា