វេជ្ជបណ្ឌិតពាក់អាវស , ឈឿន ប៊ុណ្ណារិទ្ធ: អារម្មណ៍មិនស្ងប់ ខ្លួននៅមិនស្ងៀម! អ្នកដែលខ្ញុំបារម្ភបំផុតគឺលោកទាំងពីរ និងដូនម៉ែរបស់ខ្ញុំ (លោកយាយយ៉ាន) ដែលកំពុងជរាពាធនៅឯផ្ទះកំណើត

ចែករំលែក៖

ភ្នំពេញ: លោកវេជ្ជបណ្ឌិត ឈឿន ប៊ុណ្ណារិទ្ធ បានសំណេរថា, ក្នុងចិត្ត មានតែបន់ស្រន់ និងជូនពរពួកគាត់ឱ្យមានសុខភាពល្អជានិច្ច ខណ:លោកវេជ្ជបណ្ឌិតពាក់អាវស រូបនេះ មកមើលថែជនរួមជាតិ ព្យាបាលអោយរួចផុតពីជំងឺកូវីដ-១៩ ដោយគ្មានការហត់នឿយ ២៤ម៉ោងលើ២៤ម៉ោង ។ ប៉ុន្តែខ្វះពេលមើលថែទាំអ្នកមានគុណ ។

លោកវេជ្ជបណ្ឌិត ឈឿន ប៊ុណ្ណារិទ្ធ បានបង្ហោះសារលើ facebook ផ្លូវការថា, អារម្មណ៍មិនស្ងប់ ខ្លួននៅមិនស្ងៀម! អ្នកដែលខ្ញុំបារម្ភបំផុតគឺលោកទាំងពីរ និងដូនម៉ែរបស់ខ្ញុំ (លោកយាយយ៉ាន) ដែលកំពុងជរាពាធនៅឯផ្ទះកំណើត ។
លោកវេជ្ជបណ្ឌិតបានបង្ហាញពីភាសាបេះដូងថា, បានជួបពួកគាត់តែ២ថ្ងៃប៉ុណ្ណោះ ក៏ត្រូវបន្តវេនចូលជុំទី២ទៀត តែវាជាកាតព្វកិច្ចរបស់ខ្ញុំដើម្បីប្រទេសជាតិ ។
លោកបន្តថា, ខ្ញុំពាក់អាវស មកមើលថែសាច់ញាតិអ្នកដ៏ទៃ តែមិនមានពេលគ្រប់គ្រាន់មើលថែក្រុមគ្រួសារខ្ញុំនោះទេ ។ ក្នុងចិត្ត មានតែបន់ស្រន់ និងជូនពរពួកគាត់ឱ្យមានសុខភាពល្អជានិច្ច ។

លោកទាំងពីរវ័យច្រើនហើយ តែមិនមានកូនចៅណាម្នាក់នៅក្បែរនោះទេ ។ បងៗ និងប្អូនស្រីពៅ សុទ្ធតែមានភារកិច្ចចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងអស់គ្នា ។

លោកបន្តថា, ក្រុមគ្រួសារខ្ញុំ មិនបានត្អូញត្អែរ នឹងកិច្ចការក្នុងពេលដ៏លំបាកនេះទេ ប៉ុន្តែពួកយើងបានប្រឹងប្រែងទាំងកំលាំងកាយចិត្ត និងស្មារតី ដើម្បីចូលរួមជាមួយបងប្អូនទាំងអស់គ្នា នៅគ្រប់កាលៈទេសៈ ។
លោកលើកឡើងថា, បើបងប្អូន មានពេលវេលានៅជួបជុំជាមួយក្រុមគ្រួសារ សូមបងប្អូនរក្សានូវពេលវេលាដ៏មានតម្លៃនេះ ឱ្យបានច្រើនបំផុត ព្រោះពួកគាត់ជាមនុស្សសំខាន់បំផុតសម្រាប់ជីវិតពួកយើង ។

សូមគោរពជូនពរ បងប្អូនទាំងអស់គ្នា សូមមានសុខភាពបរិបូរណ៍ ចៀសផុតពីជំងឺបៀតបៀនគ្រប់ជំពូក ។
សូមគោរពអរគុណ ។

លោកវេជ្ជបណ្ឌិតវ័យក្មេង ឈឿន ប៊ុណ្ណារិទ្ធ ធ្លាប់ថ្លែងថា, លទ្ធផលទទួលបានជាផ្លែផ្កា គឺកើតឡើងពីការចូលរួមពីគ្រប់ចំណែក គ្រប់ផ្នែក និងគ្រប់ការងារនៃក្រុមទាំងមូល ។

ថ្នាក់ដឹកនាំ ដែលមានភាពម្ចាស់ការ ម៉ត់ចត់ និងទទួលខុសត្រូវខ្ពស់ ជាប្រព័ន្ធបញ្ជាដ៏សំខាន់ដើម្បីសម្រេចបាននូវគោលដៅរួម ។ ការណែនាំ ចង្អុលបង្ហាញ និងការរៀបចំផែនការច្បាស់លាស់ បានសម្រួលបន្ទុកការងារ មានភាពងាយស្រួលក្នុងការគ្រប់គ្រងសភាពការណ៍ និងលើកទិសដៅសម្រាប់ជំហានបន្ទាប់ ។ សមាជិកម្នាក់ៗ គឺប្រតិបត្តិករផ្ទាល់ ដើម្បីអនុវត្តនូវទិសដៅការងារ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ។

លោកថា, ម្នាក់ៗដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីប្រទេសជាតិ ។ នេះតាមរយៈ(សកម្មភាពប្រជុំវាយតម្លៃ រៀបចំផែនការ និងដំណើរការទូទៅ របស់ក្រុមគ្រូពេទ្យចល័តមន្ទីរសុខាភិបាលខេត្តកណ្តាល នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ ជីង យ៊ុន)។
បងប្រុសច្បងបង្កើតរបស់គាត់ លោកឧត្តមសេនីយ៍ទោ ឈឿនសុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ក៏ធ្លាប់បាននិយាយផងដែរថា, #សូមអង្វរដល់បងប្អូនមួយចំនួនគួរណាស់ស្រលាញ់ជីវិតខ្លួនផង
#ពួកយើងខ្ញុំដែលជាកម្លាំងជួរមុខខិតខំការពារបងប្អូនគ្មានពេលសម្រាក ចុះគ្រាន់តែស្នើសុំឲ្យបងប្អូនកុំចេញពីផ្ទះត្រឹមរយៈពេល១៤ថ្ងៃសោះ ហេតុអីក៏ធ្វើមិនបាន? ។
សូមបញ្ជាក់ផងដែរថា, ទន្ទឹមនឹងទទួលបានសារបង្ហោះសារខាងលើនេះ អាចនឹងមានអ្នកមួយចំនួនធំ ស្គាល់យ៉ាងច្បាស់ អំពីក្រុមគ្រួសាររបស់លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលមានបុត្រាបុត្រី ប្រកបដោយគុណធម៌ រហូតដល់ពាក្យសាមញ្ញសម្រាប់អ្នកភូមិនិងអ្នកស្គាល់ តែងលើកឡើងថា , (កូនតាឈឿន-យាយផល) ម្នាក់ៗមានភាពទទួលខុសត្រូវក្នុងការងារ និងប្រណិប័ត្តន៍ ចំពោះអ្នកមានគុណ៕

...

សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print