លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ យើងត្រូវតែរួមគ្នាអនុវត្តឲ្យបាននូវវិធានការរបស់រដ្ឋាភិបាលគឺ ៣កុំ ៣ការពារ ដើម្បីកាត់ផ្តាច់ការចម្លងនៃព្រឹត្តិការណ៍ ២០កុម្ភៈ

ចែករំលែក៖

ភ្នំពេញ​៖​ លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានក្រើនរំលឹកដល់អ្នកដែលបានចាក់វ៉ាក់សាំង និងអ្នកមិនទាន់ចាក់វ៉ាក់សាំងក្តីត្រូវតែ រួមគ្នា អនុវត្តវិធានការរបស់រាជរដ្ឋាភិបាលឲ្យបានត្រឹមត្រូវឲ្យបានខ្ជាប់ខ្ជួនគឺ ៣កុំ ៣ការពារ គឺក្នុងគោលបំណងកាត់ផ្តាច់ការចម្លងដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ ដើម្បីឲ្យស្ថានភាពបិទខ្ទប់វិលមករកស្ថានភាពធម្មតាវិញ។ លោកស្រី​ បានថ្លែងបែបនេះ ក្នុងខណៈពេលដែលលោកជំទាវបានអញ្ជើញចាក់វ៉ាក់សាំងដូសទី ២ នៅមន្ទីរពេទ្យកាល់ម៉ែត ព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ។

ឆ្លៀតក្នុងឱកាសនេះ លោកស្រី​ ម៉ែន សំអន ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរយ៉ាងយកចិត្តទុក្ខដាក់ខ្ពស់អំពីសុខុមាលភាព និងសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសក្នុងការស្វែងរក និងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

បន្ថែមពីនេះ​ លោកស្រី​ ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងកោតសសើរដល់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត អភិបាលខណ្ឌ កងកម្លាំងទាំងបីប្រភេទ ក្រុមគ្រូពេទ្យគ្រូពេទ្យព្យាបាល ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង ជាពិសេស ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំទាំងថ្ងៃ ទាំងយប់ក្នុងការអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print