ថៃ៖​ ខណៈអ្នកជំងឺកូវីដ-១៩ កើនឡើងយ៉ាងគំហុក​ ពេល​នេះ​កំពុងខ្វះខាតគ្រែពេទ្យ

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រទី៣០ ខែមេសា ឆ្នាំ២០២១​ បានចុះផ្សាយថា​ ប្រទេសថៃ ខណៈរលកថ្មីនៃជំងឺ COVID-19 បានឆ្លងរីករាលដាលដល់មនុស្សជាង ៣៤,០០០នាក់បន្ថែមទៀត គិតត្រឹម​ខែមេសានេះមួយប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ​ ពេលនេះ​បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធសុខាភិបាលរបស់ខ្លួន​ ដោយមានការខ្វះខាតគ្រែពេទ្យផងដែរ។

ជាក់ស្ដែង​បេីតាមការ​បញ្ជាក់ពី​មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ទី២៩​ ខែមេសាម្សិលមិញនេះ​ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១,៨៧១ករណី និងករណីស្លាប់ថ្មីៗចំនួន ១០នាក់ទៀត ខណៈអ្នកជំងឺជិត ២៨,០០០នាក់កំពុងសម្រាកព្យាបាល។ ទោះបីជាចំនួនករណីឆ្លងបានថយចុះមកក្រោម ២,០០០ករណីជាលើកដំបូងក្នុងរយៈពេល ០៦ថ្ងៃចុងក្រោយនេះក៏ដោយ ក៏មន្ទីរពេទ្យត្រូវបានពោរពេញទៅដោយអ្នកជំងឺ ដែលមានស្ថានភាពធ្ងន់ធ្ងរដែរ។

ដោយឡែក​ទិន្នន័យពីក្រសួងសុខាភិបាលថៃ បានបង្ហាញពីការកើនឡើងបន្តិចម្តងៗ ចំពោះអ្នកជំងឺដែលត្រូវការប្រើប្រាស់ បំពង់ជំនួយផ្លូវដង្ហើម និងអ្នកជំងឺរលាកសួត ឬរលាកជាលិកាសួត ដែលអាចបណ្តាលឱ្យមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិត។ ចំណែក​ចំនួនអ្នកជំងឺបែបនេះ​ បានកើនលើសពី ១,០០០នាក់ហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

សូមជម្រាបថា​ ចំពោះការកើនឡើងនៃករណីឆ្លងដ៏កាចសាហាវមួយនេះ​ បានជំរុញឱ្យមានការបើក មន្ទីរពេទ្យបណ្តោះអាសន្ននៅតាមសាលធំៗ និងមន្ទីរពេទ្យនៅតាមសណ្ឋាគារជាច្រើន នៅទូទាំងប្រទេសថៃ ដែលមានគ្រែពេទ្យជាង ១០,០០០គ្រឿង ដើម្បីទទួលអ្នកជំងឺ។ ប៉ុន្តែ​ទោះជាយ៉ាងណា គ្រឿងបរិក្ខាទាំងនេះ អាចផ្ទុកតែអ្នកជំងឺដែលគ្មានរោគសញ្ញា ឬហៅថា អាស៉ីមតូម៉ាទិច (asymptomatic case) និងអ្នកជំងឺដែលមានរោគសញ្ញាស្រាលតែប៉ុណ្ណោះ។ រីឯចំពោះអ្នកជំងឺដែលមានរោគសញ្ញាកម្រិតមធ្យម ឬធ្ងន់ធ្ងរ ពួកគេត្រូវការសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យស្តង់ដារ ដែលមានឧបករណ៍សង្គ្រោះបន្ទាន់។

ជុំវិញបញ្ហានេះដែរ​ បើតាមនាយកដ្ឋានសេវាកម្មវេជ្ជសាស្ត្រ ក៏បានឲ្យដឹងថា​ នៅទូទាំងប្រទេសថៃ​ មានគ្រែពេទ្យចំនួន ៤៤,៥៦០គ្រែ។ បេីគិតត្រឹមថ្ងៃទី២៧ ខែមេសា​ ឆ្នាំ​២០២១ គ្រែពេទ្យចំនួន ២២,៨៦៥ គឺនៅទំនេរ។ ប៉ុន្តែជាងពាក់កណ្តាលនៃចំនួនទាំងនេះ ស្ថិតនៅក្នុងមន្ទីរពេទ្យតាមសាល-កីឡដ្ឋាន និងមន្ទីរពេទ្យតាមសណ្ឋាគារ ខណៈមួយចំនួនធំស្ថិតនៅក្នុងមន្ទីរពេទ្យធម្មតា ប៉ុន្តែត្រូវបានដាក់អ្នកជំងឺពេញអស់ហើយ៕ដោយ​៖ស​ តារា​

...

រូបភាព​៖បាងកកប៉ុស្តិ៍​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print