ខេត្តស្ទឹងត្រែង ៖ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី បានឧបត្ថម្ភអង្ករ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធន: និង ថវិកាមួយចំនួនសម្រាប់ទ្រទ្រង់ការងារសាលា និងយោធាចារ្យ តាមរយ:ឧត្តមសេនីយ៍ទោ ហួត សុវណ្ណ មេបញ្ជាការរងយោធភូមិភាគទី១ ជូនដល់ឧត្តមសេនីយ៍ត្រី ពៅ សំអាត នាយកសាលាពលទាហានទី១ ស្ថិតក្នុងខេត្តស្ទឹងត្រែង។
ការឧបត្ថម្ភនេះជាការយកចិត្តទុកដាក់របស់លោក មេបញ្ជាការ កងទ័ពជើងគោក និងលោកស្រី ដល់ខឿនអប់រំដែលជាថ្នាលដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៍ បណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពយោធិន នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ យោធាចារ្យ និង សិក្ខាកាមទាំងអស់ដែលកំពុងបម្រើការងារតាមតួនាទីភារកិច្ចរបស់ខ្លួន។ មានប្រសាសន៍ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី ពៅ សំអាត តាងនាមឲ្យថ្នាក់ដឹកនាំ យោធាចារ្យ និងសិក្ខាកាមនៃសាលាពលទាហានទី១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក មេបញ្ជាការ និង លោកស្រី ដែលជានិច្ចកាលតែង គិតគូរដល់សុខទុក្ខ និងសុខុមាលភាពរបស់យោធិនដែលបម្រើដល់ថ្នាលបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ហើយជាកិច្ចតបស្នង យោធិនគ្រប់រូបប្តេជ្ញាបន្តយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយចីរភាពជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋរបស់យើង៕
ដោយ, សិលា