ខេត្តកណ្តាល, រសៀលថ្ងៃសៅរ៍ ៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២១ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ បានពាំនាំនូវគ្រឿងឧបភោគបរិភោគ (លើកទី ២) សម្រាប់ឧបត្ថម្ភគាំទ្រដល់ ប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋមានជីវភាពទាប និងកម្មករ-កម្មការិនី នៅក្នុងមូលដ្ឋានស្រុកពញាឮ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការឆ្លងរាតត្បាតនៃជំងឺកូវីត-១៩ ដែលបង្កឡើងដោយព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ១.៣៥៥ គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករ ចំនួន ៥០ គីឡូក្រាម, ទឹកត្រី ០១ យួរ, ទឹកស៊ីអីវ ០១ យួរ និងត្រីខ ចំនួន ០១ យួរ ។ ដោយឡែក កាលពីពេលថ្មីៗកន្លងមកនេះ លោករដ្ឋមន្រ្តី ក៏បានឧបត្ថម្ភដល់គ្រួសារក្រីក្រក្នុងស្រុកពញាឮ (លើកទី ១) ចំនួន ២.០៣០ គ្រួសារ នូវអង្ករចំនួន ១០២ តោន, ប្រគេនទេយ្យទានដល់វត្ត និងសមាគមដូនជី ទាំង ៥១ នៅក្នុងស្រុកពញាឮ រួមមានអង្ករចំនួន ២១ តោន, ទឹកត្រីចំនួន ២៥៥ យួរ, ទឹកស៊ីអីវចំនួន ២៥៥ យួរ, ត្រីខចំនួន ៥០ កេស និងមីចំនួន ៥៧ កេសធំ, ឧបត្ថម្ភជាថវិកាដល់មន្រ្តីរាជការសាលាស្រុកពញាឮ ក្រុមគ្រូពេទ្យ កងកំលាំងរបស់គណៈបញ្ជាការឯកភាពស្រុកដែលប្រចាំការ និងការពារសន្តិសុខសណ្តាប់ធ្នាប់នៅតាមមណ្ឌលចត្តាឡីស័ក ការត្រួតពិនិត្យការហាមឃាត់ការធ្វើដំណើរ និងប្រជាការពារភូមិចំនួន ២.០៣១នាក់ ដែលយាមប្រចាំការតាមមណ្ឌលសកម្មភាពទាំង ១៥៤ មណ្ឌល ផងដែរ ។
ជាមួយគ្នានេះ ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីត-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា លោករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ពីសុខទុក្ខ និងធ្វើការឧបត្ថម្ភជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកពញាឮ ដូចជា ថវិកា គ្រឿងឧបភោគ បរិភោគ សាប៊ូលាងដៃ អាល់កុល និងម៉ាស់ជាដើម បន្ថែមពីនេះដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនដែលបាន និងកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កទាំងអស់ក្នុងស្រុកពញាឮ ឯកឧត្តមរដ្ឋមន្រ្តីបានឧបត្ថម្ភនូវគ្រែសម្រាកចំនួន ២៥០ គ្រែ និងការហូបចុកផងដែរ ៕
ដោយ, សុខ ខេមរា