ខេត្តកំពង់ធំ: ទាំងយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរខេត្តកំពង់ធំ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១៤នាក់ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។
រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ថា, បុគ្គលទាំង ១៤នាក់ខាងលើនេះជាអ្នកពាក់ព័ន្ធផ្ទាល់ជាមួយ ឈ្មោះ ស៊ាង គឹមសាន រស់នៅ ភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ដែលត្រូវបានរកឃើញវិជ្ជមានកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ អ្នកជំងឺកូវីដ១៩ ទាំង១៤នាក់នេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្ទោង តាំងពីពេលធ្វើតេស្តរហ័ស(Rapid Test) ឃើញវិជ្ជមាននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
កន្លងមក រដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការរដ្ឋបាលបិទភូមិលាបទង និងផ្សារសេរីស្ទោង ជាបណ្តោះអាសន្នសំដៅគ្រប់គ្រង និងបញ្ចប់ព្រឹត្តិការណ៍ភូមិលាបទងឲ្យបានឆាប់បំផុត។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានខាងលើ
សូមរួសរាន់ទៅផ្ដល់សំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ នៅសាលាបឋមសិក្សាឈើទាល ក្នុងភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងត្រូវចូលរួម អនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តឲ្យបានខ្ជាប់ខ្ជួន ដោយឈរលើស្មារតីទទួល ខុសត្រូវខ្ពស់ចំពោះក្រុមគ្រួសារ និងសង្គមជាតិ៕
ដោយ, សុខ ខេមរា