ចៅចាក់ស្មុក៖ វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជាក្តីសង្ឃឹមនៃការវិលត្រឡប់ទៅរកប្រក្រតីភាពរបស់កម្ពុជាកាន់តែឆាប់រហ័ស និងសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ, ការវិភាគពី(ចៅចាក់ស្មុក)

ចែករំលែក៖

ភ្នំពេញ ៖ សូមលើកសំណេរ ដោយ ចៅចាក់ស្មុក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ទាំងស្រុងដូចខាងក្រោម:

 ថ្ងៃទី១ ឧសភា ចំទិវាពលកម្មអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងភូមិ​សាស្ត្ររាជធានីភ្នំពេញ ជាពិសេសជូនពលរដ្ឋរស់នៅក្នុងតំបន់ក្រហមរួមមានខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូលដែល​សរុបចំនួនជាងកន្លះ​លាននាក់ហើយ ក្នុងនោះក៏ជាតំបន់ដែលកម្មករកម្មការិនីរស់នៅផងដែរ។

នេះជាយុទ្ធនាការទ្រង់ទ្រាយធំដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាឱ្យរៀបចំឡើងរបៀបនៃការចាក់ស្រោចវ៉ាក់សាំង ដើម្បីបង្កើនប្រព័ន្ធស៊ាំ​ការពារ​សព៌ាង្គកាយ​របស់ប្រជាពលរដ្ឋនៅតាមតំបន់នីមួយ ជាពិសេសតំបន់ដែលមានហានិភ័យខ្លាំងដូចជា រាជធានីភ្នំពេញដែលកំពុងតែរួតរឹតដោយការឆ្លងសហគមន៍។ នេះគឺជាយុទ្ធសាស្ត្រដ៏វៃឈ្លាតរបស់រាជរដ្ឋាភិបាល និងជាការកាត់ផ្តាច់ការឆ្លងរីករាលដាលនៃជំងឺកូវីត-១៩ តាមរយៈការបង្កើនខឿនការពារសុខភាពជូនប្រជាពលរដ្ឋបន្ថែម ពីវិធានការរដ្ឋបាល និងវិធានការសុខាភិបាលជាច្រើនដែលរដ្ឋាភិបាលបានដាក់ចុះដើម្បីការពារជីវិតពលរដ្ឋ។

ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាន​ខិតខំស្វះស្វែង​បញ្ហាទិញវ៉ាក់សាំងបន្ថែមទៅតាមតម្រូវការចាំបាច់ ជាក់ស្ដែង និងបានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមគោលដៅជួរមុខ ដូចជា មន្ត្រីជួរមុខ កម្មករនិយោជិត និងប្រជាពលរដ្ឋទូទៅផងដែរ។ សម្តេចតេជោបានមានប្រសាសន៍ថា ដូចប្រទេសមួយចំនួនទៀត ប្រទេសកម្ពុជា ក៏បាននិងកំពុងខិតខំស្វែងរក ព្រមទាំងបញ្ជាទិញវ៉ាក់សាំងពីគ្រប់ប្រភពដែលរួមមាន៖ ១លានដូស ជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន, ៣២ម៉ឺនដូសតាមយន្តការខូវ៉ាក់១,៥លានដូស បញ្ហាទិញពីប្រទេសចិន និងបន្តបញ្ជាទិញចំនួន ៤លានដួសបន្ថែមទៀត ហើយក៏ខិតខំស្វះស្វែងបញ្ហាទិញបន្ថែមទៅតាមតម្រូវការចាំបាច់ ជាក់ស្ដែង និងបានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមគោលដៅជួរមុខដូចជាមន្ត្រីជួរមុខ កម្មករនិយោជិត និងប្រជាពលរដ្ឋទូទៅផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានកំណត់ទិសដៅចាក់វ៉ាក់សាំង ១លានដូសក្នុងមួយខែជូនប្រជាពលរដ្ឋ និងចាក់ជូនពលរដ្ឋ ចាប់ពីអាយុ ១៨ ឆ្នាំឡើងជាង១០លាននាក់នៅកម្ពុជា។

គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនប្រជាជនចំនួនជិត ១,៥លាននាក់ ដែលធ្វើឱ្យកម្ពុជាក្លាយ​ជាប្រទេសទី២ ក្នុងតំបន់អាស៊ានបន្ទាប់ពីសិង្ហបុរី ដែលផ្តល់វ៉ាក់សាំងជំងឺកូវីដ-១៩ ច្រើនបំផុតដល់ប្រជាជន។ នេះគឺជាការគិតគូរខ្ពស់របស់ថ្នាក់ដឹកនាំប្រទេសចំពោះ សុខុមាល​ភាពប្រជាពលរដ្ឋ។ ពលរដ្ឋខ្មែរ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានខិតខំប្រឹងប្រែង​ស្វះស្វែងរកវ៉ាក់សាំងដើម្បីមកចាក់ជូនប្រជាពលរដ្ឋ និងបានចងចាំនូវគំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះ​សុខុមាល​ភាពរបស់ប្រជាពលរដ្ឋ គិតគូរជាប់ជានិច្ចដល់សុខទុក្ខរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់។

ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះពិតជា មានការរីករាយសប្បាយចិត្តនិងហាក់មានអារម្មណ៍ថាមានរបាំង​ជួយការពារខ្លួនពីការឆ្លង​ជំងឺកូវីដ-១៩ និង មានជំនឿចិត្ត តែទោះជាយ៉ាងណាប្រជាពលរដ្ឋបានបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ ៣កុំនិង៣ការពារយ៉ាងហ្មត់ចត់បំផុតដើម្បីយកឈ្នះ​ជំងឺកូវីដ-១៩ដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយនេះ។ នៅក្នុងសាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នេះបានគូសបញ្ជាក់ថា៖ «យ៉ាងណាក៏ដោយទោះបីជាយុទ្ធនាការនេះបាននិងកំពុងប្រព្រឹត្តទៅដោយរលូន ក៏មិនមានន័យថា យើងទាំងអស់គ្នាអាចរួចផុតពីការឆ្លងជំងឺកូវីដ-១៩ បាន ១០០ភាគរយដែរ ហើយស្ថានភាព សង្គម-សេដ្ឋកិច្ច អាចវិលត្រឡប់ទៅរកប្រក្រតីភាពដូចមុន ក្នុងរយៈពេលដ៏ខ្លីនោះបានឡើយ។ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានបណ្តាលឱ្យករណីវិជ្ជមាននៃជំងឺកូវីដ-១៩ កើនឡើងយ៉ាងគំហុក និងគួរឱ្យព្រួយបារម្ភ ព្រមទាំងបានឆក់យក អាយុជីវិតអ្នកឆ្លងជំងឺកូវីដ-១៩ផងដែរ។

គិតត្រឹមថ្ងៃទី១ ឧសភានេះ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈមានរយៈពេល ៧០ ថ្ងៃហើយ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៣.២៣៧ នាក់ និងបង្ក​ឱ្យស្លាប់​មនុស្សចំនួន ៩៦នាក់។ ទោះបីជាចំនួននៃការឆ្លង រីករាលដាលនេះ មិនទាន់អាចត្រូវបានគ្រប់គ្រងទាំងស្រុងក៏ពិតមែន តែបន្ទាប់ពីបានអនុវត្តវិធានការបិទខ្ទប់ រាជធានីភ្នំពេញនិងក្រុងតាខ្មៅរយៈពេលជាង២ សប្តាហ៍មកនេះ និងការបែងចែកពណ៌តំបន់ដើម្បីងាយស្រួល គ្រប់គ្រង ក្រុមមន្ត្រីជំនាញសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចបានមើលឃើញពីសញ្ញាណល្អនៃការកាត់ផ្តាច់ជំងឺកូវីដ-១៩ ក្រោយពេលអ្នកវិជ្ជមានជំងឺនេះ មានការថមថយបន្តិច។ នៅថ្ងៃទី១ ខែឧសភា ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៣៨៨នាក់ហើយក្នុងនោះចំនួន ៣១៨នាក់នៅរាជធានីភ្នំពេញ។ កូនសោរគន្លឹះនៃការគ្រប់គ្រង​បានទាំងស្រុងនៃការឆ្លងរីករាលនៃជំងឺកូវីដ-១៩ គឺនៅក្នុង ដៃប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្តនិងអនុវត្តឱ្យ​បានហ្មត់ចត់បំផុត នូវវិធានការបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈអនុវត្តជាចាំបាច់វិធាន «៣ការពារ» និង «៣កុំ»។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចងចាំថាគ្រប់វិធានការទាំងអស់ដែលរាជរដ្ឋាភិបាលបានដាក់ចុះ ពេលខ្លះមានភាពតឹងរ៉ឺង ម៉ឺងម៉ាត់ដែលធ្វើឱ្យបងប្អូនមិនសប្បាយចិត្ត មិនអាចបងប្អូនធ្វើអ្វីតាមចិត្តរបស់ខ្ហួន និងពេលខ្លះត្រូវបិទខ្ទប់មានការលំបាកសម្រាប់ការធ្វើដំណើរចេញក្រៅ តែអ្វីៗទាំងអស់នេះគឺជាការគិតគូរ យ៉ាងយកចិត្តទុក​ដាក់ចំពោះអាយុជីវិតពលរដ្ឋពីសំណាក់រដ្ឋាភិបាល។ បងប្អូនអាចស្រម៉ៃថាបើគ្មានវិធានការទប់ស្កាត់ និងការបិទខ្ទប់តំបន់ដែលផ្ទុះការឆ្លងធ្ងន់ធ្ងរទេ តើមនុស្សប៉ុន្មាននាក់​ដែលនឹងត្រូវឆ្លងជំងឺនិង ស្លាប់បាត់បង់ជីវិត។ ដូច្នេះមានតែការបន្តភាពអត់ធ្មត់រយៈពេលខ្លី ចូលរួមប្រកានវិធានការដែលមានដើម្បី ជាតិនិងប្រជាជនកម្ពុជាយើងអាចឆ្លង​ផុតដំណាក់កាលដ៏អាក្រក់នៃវិបត្តិជំងឺកូវីដ-១៩នេះ។ រាជរដ្ឋាភិបាល កម្ពុជាបានគិតគូរខ្ពស់លើសុខទុក្ខប្រជាពលរដ្ឋ និងឆ្លើយតបនឹងការខ្វះខាតស្បៀងរបស់បងប្អូន។ រហូតមកទល់ពេលនេះ រដ្ឋាភិបាលបានចែកជូនស្បៀងសម្រាប់ពលរដ្ឋចំនួន ២០ម៉ឺនគ្រួសារក្នុងចំណោម ៤០ ម៉ឺនគ្រួសារដែលត្រូវការឧបត្ថម្ភ។

ដូច្នេះទាំងវិធានការរដ្ឋបាល វិធានការសុខាភិបាល ការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូន ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា​គឺជាការ​ប្រើប្រាស់​កម្លាំងសរុប មធ្យោបាយសរុបក្នុង ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។ វិធានការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលបាន ដាក់ចុះនេះនឹងនាំមកនូវជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ទោះបីជាក្រុមប្រឆាំងជ្រុលនិយមដែលដឹកនាំដោយក្រុមជនក្បត់ជាតិរត់ចោលស្រុក ព្យាយាមរារាំង និងបង្អាក់ដំណើរនៃការជួយសង្គ្រោះ ជីវិតពលរដ្ឋ ការពារអាយុជីវិតរបស់រាជរដ្ឋាភិបាលតាមរយៈការញុះញង់ពលរដ្ឋ និងការផ្សព្វផ្សាយព័ត៌មាន មិនពិត ក៏ចិត្តជាមារនេះនឹងមិនអាចបង្អាក់វិធានការរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និង បេសកកម្មដ៏ពិសិដ្ឋក្នុងការការពារអាយុជីវិតពលរដ្ឋខ្មែរបានឡើយ។ ទង្វើរបស់ក្រុមជនចង្រៃជាតិទាំងនេះបានបញ្ចប់ជីវិតនយោបាយរបស់ខ្លួនរួចស្រេចទៅហើយ ហើយទង្វើក្បត់ជាតិរបស់ពួកគេនឹងធ្វើឱ្យពួកគេ ចោលឆ្អឹងនៅក្រៅស្រុក​រហូត។ ពលរដ្ឋខ្មែរជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំង​និងទប់ស្កាត់ការឆ្លងរីករាល​ដាលនៃជំងឺកូវីដ-១៩ ហើយមានជំនឿថាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលផ្តល់​ជូនពលរដ្ឋទូទាំងប្រទេសក្នុងរយៈ ពេលសមស្របខាងមុខនេះ​រួមនឹង​ការអនុវត្តវិធានការចាំបាច់នានា គឺជាក្តីសង្ឃឹមនៃការវិលត្រឡប់ទៅរកប្រក្រតីភាពរបស់កម្ពុជាកាន់តែឆាប់រហ័ស និងសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ៕

(ដោយ: ចៅចាក់ស្មុក)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print