ភ្នំពេញ, យប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា, កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវសេចក្តីណែនាំលេខ ០១៣/២១ សណន ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ស្តីពីការផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ក្នុងរាជធានី ភ្នំពេញ ក្នុងគោលបំណងថែរក្សាអាយុជីវិត និងការពារសុខភាពរបស់បងប្អូនអាជីវករ ក៏ដូចជាដើម្បីឈានទៅ កាត់ផ្តាច់ប្រភពចម្លង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភះ ២០២១។
ទន្ទឹមនឹងនេះ ដោយអនុលោមតាមសេចក្ដីសម្រេចលេខ ០៩៧/២១ សសរ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ជាគោលការណ៍ សម្រាប់ “តំបន់ក្រហម” ផ្សារ និងទីកន្លែងលក់ម្ហូបអាហារ នឹងគ្រឿងឧបភោគបរិភោគ ត្រូវផ្អាកជាបណ្តោះអាសន្ន។ ដោយឡែក សម្រាប់ តំបន់លឿងទុំ” និង “តំបន់លឿង“ រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកផ្គត់ផ្គង់ម្ហូបអាហារគ្រប់ប្រភេទ ត្រូវបានអនុញ្ញាតឱ្យ បើកដំណើរការ ប៉ុន្តែ ត្រូវផ្អាកអាជីវកម្ម នៅចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៥ (ប្រាំ) ក្នុងអំឡុងពេលបិទខ្ទប់។
យ៉ាងណាមិញ ដោយពិនិត្យឃើញពីតម្រូវការចាំបាច់ និងស្ថានភាពអាជីវកម្មជាក់ស្តែង រដ្ឋបាល រាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖
១. រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធការផ្គត់ផ្គង់ម្ហូបអាហារដែលជាតម្រូវការ ចាំបាច់ប្រចាំថ្ងៃ ក្នុង “តំបន់លឿងទុំ” និង “តំបន់លឿង ” បងប្អូនអាជីវករ និងប្រជាពលរដ្ឋ ទាំងអស់ អាចធ្វើដំណើរទៅទិញផលិតផល ដូចជា បន្លែផ្លែឈើ ត្រី សាច់ ស៊ុត ។ល។ និង អាចចាប់ផ្ដើមអាជីវកម្មរបស់ខ្លួន ដោយប្រើប្រាស់មធ្យោបាយដឹកជញ្ជូនចល័ត ឬ លក់ដូរតាម លំនៅឋាន ចាប់ពីម៉ោង ៣ (បី) ទៀបភ្លឺតទៅ ប៉ុន្តែ ត្រូវផ្អាកអាជីវកម្ម នៅម៉ោង ២០ (ម្ភៃ) ជាកំហិត ស្របតាមខ្លឹមសារនៃសេចក្តីសម្រេចលេខ ០៩៧/២១ សសរ ចុះរថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ។
២. រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធការផ្គត់ផ្គង់ម្ហូបអាហារដែលជាតម្រូវការ ចាំបាច់ប្រចាំថ្ងៃ របស់បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ ក្នុង “តំបន់លឿងទុំ” និង ”តំបន់លឿង ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច ពាក់ម៉ាស កាតព្វកិច្ចរក្សាតម្លាតសុវត្ថិភាព និងការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ជាពិសេស ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ ការពារ និង ៣ អ៊ុំ” របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ទទួលបានសេចក្ដីណែនាំនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរ-អង្គភាព ជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ វិស័យឯកជន បងប្អូនអាជីវករ ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ ឱ្យទទួលបានលទ្ធផលល្អ នឹងការទទួលខុសត្រូវខ្ពស់៕
ដោយ, សុខ ខេមរា