ពលរដ្ឋចំនួន ៤០០គ្រួសារ និងបងប្អូនអ្នករត់ម៉ូតូឌុប អ្នករើសអេតចាយ និងជនអនាថាមួយចំនួនទៀត ទទួលបានអំណាយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

ចែករំលែក៖

ភ្នំពេញ​៖​ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃអាទិត្យ ៦រោច ខែពិសាខ ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ​ បានអញ្ជើញ ដឹកនាំបែងចែកក្រុមការងារ ថ្នាក់ដឹកនាំខណ្ឌ បន្ដនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន តាមរយៈលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមួលដ្ឋាន និងជាអ្នកជួលផ្ទះ មានជីវភាព ក្រីក្រ និងខ្វះខាតស្បៀងអាហារ សរុបចំនួន ៤០០គ្រួសារ។

ក្នុងប្រតិបត្តិការនោះ​ លោកអភិបាលខណ្ឌ បែងចែកក្រុមការងារ ថ្នាក់ដឹកនាំខណ្ឌ​ ដឹកនាំដោយ លោក លោកស្រី អភិបាលរងខណ្ឌ និងក្រុមការងារចុះជួយខណ្ឌសង្កាត់ រួមមាន៖ សង្កាត់ចតុមុខ ចំនួន ៦៨គ្រួសារ តាមការស្នើសុំជំនួយ ដឹកនាំដោយ លោក សុខ ពេញវុធ អភិបាលខណ្ឌ, សង្កាត់ជ័យជំនះ ចំនួន ១០០គ្រួសារ ដឹកនាំចែកជូនដោយលោក ហ៊ូ ស្រ៊ី អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ, សង្កាត់ផ្សារកណ្តាលទី១ ដឹកនាំចែកជូនដោយ លោក ឆារស៍ វ៉ាន់ និង សង្កាត់បឹងរាំង ដឹកនំាចែកជូនដោយ លោក ម៉ុក ច័ន្ទករុណា អភិបាលរង ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ ១បាវ, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ និងទឹកស៊ីអ៊ីវ ១យួរ ផងដែរ ។

បន្ថែមពីនេះ លោកស្រី ហេង សុខគង់ ភរិយាលោកអភិបាលខណ្ឌ និង លោកស្រី នូ ថាវរី អភិបាលរង ក៏បានចុះចែកអំណោយ សម្តេចតេជោ ជូនដល់បងប្អូនអ្នករត់ម៉ូតូឌុប អ្នករើសអេតចាយ និង ជនអនាថាគ្មានទីពឹង នៅចំណុចផ្សារធំថ្មី ចំនួន ៨៨នាក់ ដោយម្នាក់ៗទទួលបាន អង្ករ ត្រីខ ពងមាន់ ទឹកស៊ីអ៊ីវ និង ទឹកត្រីមួយចំនួនផងដែរ ដើម្បីជួយសម្រាលបន្ទុករបស់បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងដំណាក់កាលបន្តបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print