ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បានទទួលអំណោយជាស្បៀងពី សប្បុរសជនខ្មែរនៅប្រទេសអូស្ត្រាលី តាមរយៈលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន នៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទ ៧រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៦៥៦ ត្រូវនឹងថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២១។
ជាការឆ្លើយតបទៅនឹងទឹកចិត្តសប្បុរសធម៌របស់សប្បុរសជន លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ញើជូននូវអំណរគុណយ៉ាងជ្រាលជ្រៅ តាមរយៈលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងបាវិត ហើយមិនត្រឹមតែបានចុះជួយមូលដ្ឋាននៅក្រុងបាវិត នោះទេ គឺថែមទាំងមកចូលរួមចំណែកជាមួយខ្ញុំនៅរាជធានីភ្នំពេញទៀត ។ ជាក់ស្តែងនៅថ្ងៃនេះ ទេសរដ្ឋមន្ត្រី លី ធុជ បាននាំមកនូវអំណោយ ជាស្បៀងមកផ្តល់ជូនរួមមាន ៖ ត្រីខ ៥០កេសធំ, មី ១០០កេសតូច, អង្ករ ៨តោន, ទឹកត្រី ៤០០យួរ, ទឹកស៊ីអ៊ីវ ៤០០យួរ ដែលជាអំណោយសប្បុរសពីប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី និងសប្បុរសជនៅរាជធានីភ្នំពេញ មកជួយដល់ប្រជាពលរដ្ឋខ្មែរ នាពេលនេះ ។
ស្ថិតនៅក្នុងដំណាក់កាលដ៏លំបាកចំពោះមុខនេះ លោកស្រី បានចាត់ទុក ការចូលរួមគៀងគររបស់ឯកឧត្តម លី ធុជ ជាមួយបងប្អូនខ្មែរនៅប្រទេសអូស្ត្រាលី គឺជាការលះបង់នូវកម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ក្នុងការស្វែងរកស្បៀង ដែលជាជំនួយសង្គ្រោះបឋម ដើម្បីមកជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលបាននឹងកំពុងរងផលប៉ះពាល់ពីវិប្បត្តិកូវីដ១៩ នៅក្នុងអំឡុងពេលបិទខ្ទប់ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលនាពេលនេះ។ ម្យ៉ាងទៀត អំណោយសប្បុរសនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញ អំពីការរួមសាមគ្គីគ្នា បើទោះជាបងប្អូនរស់នៅឯក្រៅប្រទេសក៏ដោយ តែនៅបានយកចិត្តទុកដាក់ក្នុងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងកាលៈទេសៈដ៏លំបាកនេះ ។
ឆ្លៀងក្នុងឱកាសនោះ លោកស្រី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាចូលរួម និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ បើទោះបីជាបានទទួល ការចាក់វ៉ាក់សំាងទាំងពីរលើករួចរាល់ហើយក៏ដោយ ជាពិសេស សូមគោរពគោលការណ៍របស់ក្រសួងសុខាភិបាល និងវិធានរបស់រដ្ឋាភិបាល ៣ការពារ ៣កុំ ដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាល ដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ៕ដោយ៖សហការី