ភ្នំពេញៈ ប្រព័ន្ធធារាសាស្រ្តអាងត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ឃុំពន្លៃ និងឃុំស្រះជីក ក្នុងស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការស្តារ និងជួសជុលឡើងវិញ ដើម្បីពង្រីកលទ្ធភាពស្រោស្រពដីស្រែរបស់បងប្អូនប្រជាកសិករ ។
នៅក្នុងដំណើរការនៃការធ្វើអនុត្តរភាពប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្ម គឺធ្វើឡើងជាជំហានៗ ក្នុងនោះជំហានទី១ បានចាប់ផ្តើមនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០០៨ ដោយបានធ្វើការជួសជុលស្តារឡើងវិញនូវប្រព័ន្ធប្រឡាយស្រោចស្រព និងប្រព័ន្ធប្រឡាយដោះទឹកប្រវែង ៣៥ គីឡូម៉ែត្រ ព្រមទាំងសាងសង់សំណង់សិល្បការធំ-តូច ជាច្រើនកន្លែងទៀត ដើម្បីធានាទឹកបញ្ចេញ-បញ្ចូលដល់ដីស្រែរបស់ប្រជាកសិករក្នុងលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពខ្ពស់ ។ បន្ទាប់ពីបានបញ្ចប់ជំហានទី១ នៅក្នុងឆ្នាំ ២០១០ លទ្ធភាពស្រោចស្រពរបស់ប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្ម បានកើនឡើងពី ៧.០០០ ហិកតា ដល់ ២០.០០០ ហិកតា ។ នៅក្នុងដំណាក់កាលនោះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានខិតខំអស់ពីកម្លាំងកាយចិត្ត ដោយដៃម្ខាងជម្រុញនូវការធ្វើអនុត្តរភាពប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្មផង និងដៃម្ខាងទៀតជម្រុញការងារដាំដុះស្រូវរបស់បងប្អូនប្រជាកសិករផង រហូតធ្វើឱ្យផ្ទៃដីដំណាំស្រូវបានកើនឡើងយ៉ាងឆាប់រហ័សទាំងស្រូវវស្សា និងស្រូវប្រាំង គ្រប់ចំនួន ២០.០០០ ហិកតា ។
ចាប់ពីឆ្នាំ ២០១១ រហូតដល់ឆ្នាំ ២០១៥ ប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្ម ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើអនុត្តរភាពជាជំហានៗបន្តបន្ទាប់ទៀត ដើម្បីពង្រីកលទ្ធភាពស្រោចស្រពឱ្យកើនដល់ ៣៥.០០០ ហិកតា ។ នៅក្នុងអំឡុងពេលនោះ ក្រសួង ក៏បានធ្វើការជួសជុលស្តារឡើងវិញប្រព័ន្ធប្រឡាយភ្នំដីព្រៃមាន់ ប្រវែង ២១ គីឡូម៉ែត្រ ផងដែរ ។
សម្រាប់ឆ្នាំ២០១៦ ដល់ឆ្នាំ ២០១៨ នេះ ក្រសួងកំពុងធ្វើការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តអាងត្រពាំងថ្ម ឱ្យទៅជាអាងទឹកដ៏មានសក្តានុពលមួយ ដែលអាចស្តុកទឹកបានរហូតដល់ ៣០០ លានម៉ែត្រគូប ដោយកសាងនូវប្រព័ន្ធប្រឡាយដោះទឹកជាច្រើនបន្ថែមទៀត ដើម្បីធានាដោះទឹកឱ្យបានទាន់ពេលវេលា នៅពេលមានជំនន់ និងមានទឹកគ្រប់គ្រាន់សម្រាប់ការស្រោចស្រពដំណាំស្រូវរបស់បងប្អូនប្រជាកសិករ។ នៅពេលបញ្ចប់គម្រោងនេះ ក្រៅពីការផ្តល់ទឹកស្រោចស្រព ប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្ម ក៏នឹងប្រែក្លាយទៅជាតំបន់អេកូទេសចរដ៏ស្រស់ត្រកាល និងទាក់ទាញមួយផងដែរ៕ សុខ ខេមរា