ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌ កំពុងមមាញឹកយ៉ាងសស្រាក់សស្រាំខ្លាំងមែនទែន បញ្ហាដឹកជនសង្ស័យជាកូនប្រុសមុខសញ្ញាចោរកម្មយ៉ាងសកម្មម្នាក់ ឲ្យដើរចង្អុលបង្ហាញកន្លែងធ្វើសកម្មភាព(លួច និងលក់ម៉ូតូ)នាពេលកន្លងមកហើយក៏រកឃើញវត្ថុតាង(ម៉ូតូ)។ល។ជាបណ្ដើរៗខ្លះៗផងដែរ ។
បច្ចុប្បន្ន មុខសញ្ញាឪពុក និងកូនប្រុសជាជនសង្ស័យ កំពុងឃាត់ខ្លួននៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី ខណៈប៉ុន្មានថ្ងៃមកនេះជនសង្ស័យជាកូនបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចនគរបាលថា ពួកខ្លួន និងមិត្តភ័ក្តិឪពុកបានធ្វើសកម្មភាពដើរដាក់ថ្នាំបំពុលសត្វឆ្កែអ្នកភូមិដើម្បីលួចទ្រព្យសម្បតិ្តប្រជាពលរដ្ឋយ៉ាងសកម្មនាពេលកន្លងមក។ ជនសង្ស័យម្នាក់នេះត្រូវបានសមត្ថកិច្ចដើរចង្អុលបង្ហាញទីតាំងធ្វើសកម្មភាពនិងដកហូតវត្ថុតាងម៉ូតូជាបណ្ដើៗ ព្រមទាំងមានជនជាប់ពាក់ព័ន្ធបន្ថែមទៀតផង។ នេះបើតាមការបញ្ជាក់ពីមន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ និងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ។
គួររំលឹកថា កាលពីពាក់កណ្ដាលអធ្រាត្រថ្ងៃសៅរ៍ ៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ជនសង្ស័យជាឪពុកឈ្មោះ កង ធី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិលាវ សង្កាត់ចំរើនផល ក្រុង.ខេត្តពោធិ៍សាត់ ធ្លាប់ជាប់ពន្ធនាគាររាប់ភ្លេច បានជិះម៉ូតូ១គ្រឿងឌុបកូនប្រុសឈ្មោះ កង ជី ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ ទៅធ្វើសកម្មភាពដើរដាក់បំពុលសត្វឆ្កែអ្នកភូមិងាប់ចំនួន១ក្បាល ដើម្បីចូលលួចយកទ្រព្យ(ម៉ូតូ)ប៉ុន្តែមិនបានសម្រេច ដោយ(ផ្ទះ១យកម៉ូតូបានហើយតែធាក់មិនឆេះក៏ផ្ដួលចោល។លុះពេល ទៅផ្ទះ១ទៀតម្ចាស់ភ្ញាក់ទាន់ទៀត)ស្ថិតនៅភូមិអូររំចង់ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាចោរកម្មឪពុក និងកូនប្រុសនេះ មុនដំបូងសមត្ថកិច្ចពុំដឹងអ្វីនោះទេ ប៉ុន្តែពួកគេឪនិងកូនបានជិះម៉ូតូចំគោលដៅសមត្ថកិច្ចកំពុងឈរជើង និងល្បាតការពារ ក្នុងការអនុវត្តការធ្វើដំណើរនាពេលយប់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីទប់ស្កាត់ការរីរាលដាលជំងឺឆ្លងកូវីដ-១៩ផង។ ដោយមានការសង្ស័យទើបឃាត់ពួកគេសួរនាំយកទៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ។ លុះព្រឹកថ្ងៃបន្ទាប់ចាប់ផ្ដើមសួរនាំពួកគេ ស្របគ្នានោះមន្រ្តីនគរបាលប៉ុស្ដិ៍រដ្ឋបាលបាក់ចិញ្ចៀនរាយការណ៍ថា យប់មិញមានករណីជនសង្ស័យធ្វើសកម្មភាព ដាក់ថ្នាំបំពុលសត្វឆ្កែងាប់ចំនួន១ក្បាល លួចម៉ូតូចំនួន២កន្លែងប៉ុន្តែពុំបានសម្រេចទេ ក៏បែកអូរហូរជាស្ទឹងដឹងថាអ្នកទាំង២ជាអ្នកធ្វើសកម្មភាពតែម្ដងទៅ ។
ប្រភពដដែលបញ្ជាក់បន្តទៀតថា ដោយមន្រ្តីជំនាញរបស់យើងមានបច្ចេកទេសខ្ពស់ ជនសង្ស័យជាកូនបានឆ្លើយសារភាពមួយចំនួនធំ ប៉ុន្តែដោយសារជនសង្ស័យជាឪពុកមានល្បិចកល និងអាចដឹងចម្លើយកូនប្រុស ខណ:នោះបានស្ទុះទៅទះកំផ្លៀងកូនប្រុសប៉ោងមុខពេលដាក់ចូលក្នុងកន្លែងតែមួយ។ យ៉ាងណាមុិញសមត្ថកិច្ចបានបំបែកគ្នា ដើម្បីមានតម្លាភាពក្នុងការសាកសួរចម្លើយងាយស្រួលកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕