ភ្នំពេញ ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធាន អចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានក្រើនរំឮក និងជំរុញគណៈកម្មការជំនាញទាំងអស់ថា «សម្រាប់ការធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា គឺរាល់ការត្រៀមលក្ខណៈសម្បត្តិរៀបចំរបស់យើង គ្រប់យ៉ាងត្រូវឲ្យរួចរាល់នៅខែមករា ឆ្នាំ២០២៣»។
ការលើកឡើងនេះបានធ្វើឡើងក្នុងកិច្ចប្រជុំតាមអនឡាញ (Zoom) ក្រោមការដឹកនាំរបស់លោករដ្ឋមន្ដ្រី ថោង ខុន ដោយមានការចូលរួមពីគណៈកម្មការជំនាញទាំង ១២ របស់ CAMSOC កាលពីថ្ងៃអង្គារកន្លងទៅ ដើម្បីពង្រឹងយន្ដការតាមដាន ត្រួតពិនិត្យការងារ ឆ្ពោះទៅព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ដ្រ ក៏ដូចជាជំរុញការងាររបស់គណៈកម្មការជំនាញនីមួយៗ ដោយផ្ដោតការយកចិត្តទុកដាក់សំខាន់លើការងារធំៗមួយចំនួនដូចជា៖
ទី១- ជំនាញកីឡា៖ ត្រូវបន្តជំរុញផែនការស្វ័យហ្វឹកហាត់ ដោយខ្លួនឯង ក្នុងដំណាក់កាលរីករាលដាលជំងឺកូវីដ-១៩ ការត្រៀមចេញទៅហ្វឹកហាត់នៅចិន ពិសេសការត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម នាខែវិច្ឆិកា ឆ្នាំ២០២១ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។
ទី២⁃ ការកំណត់រៀបចំទីលានប្រកួត៖ ត្រូវបញ្ចប់ការត្រៀមទីតាំងនៃទីលានប្រកួតកីឡាគ្រប់ប្រភេទ នៅសប្តាហ៍ក្រោយ ដើម្បីជូនព័ត៌មានទៅផ្នែកពាក់ព័ន្ធ និងសហព័ន្ធកីឡាជាតិត្រៀមលក្ខណៈចូលរួមសហការ និងទទួលខុសត្រូវរៀបចំពីពេលនេះតទៅ។
ទី៣⁃ ផ្នែកភស្តុភា logistic ត្រូវសហការជាមួយក្រុមហ៊ុនសាងសង់ ក្នុងការជំរុញការសាងសង់ភូមិកីឡា ឲ្យបានចប់សព្វគ្រប់នៅខែមករា ឆ្នាំ២០២៣ យ៉ាងយូរ។
ទី៤⁃ ពិធីបើក-បិទ៖ ស្នើរៀបចំ design Master Plan និងសេចក្តីព្រាងកម្មវីធីពី A ដល់ Z រាប់ទាំងកម្មវីធីរត់ភ្លើងគប់ឲ្យបានឆាប់។ នៅដើមឆមាសទី២ នេះ ចាប់ផ្តើមពិភាក្សាលម្អិត និងបែងចែកប្រគល់ភារកិច្ចទទួលខុសត្រូវតាមផ្នែកនីមួយៗ ឲ្យបានច្បាស់លាស់។
ទី៥⁃ រំលឹក និងជំរុញយុទ្ធនាការអប់រំកីឡា វប្បធម៌ និងបរិស្ថាន អប់រំកីឡាមហាជន ប្រជាជនម្នាក់លេងកីឡាមួយមុខ ដើម្បីឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (ចាត់ចែងចែក Logo និង Mascott ពាក្យស្លោក កីឡារស់ក្នុងសន្តិភាពទៅគ្រប់គោលដៅព្រឹត្តការណ៍ និងវេទិកាកីឡាទូទាំងប្រទេស)។
ទី៦⁃ រៀបចំកែសម្រួលរចនាសម្ព័ន្ធដឹកនាំគណកម្មការវេជ្ជសាស្ត្រ កីឡា និង Doping ឡើងវិញ បន្ទាប់ពីវេជ្ជបណ្ឌិត ស្តើង ជា ប្រធានគណកម្មការនេះ បានទទួលមរណៈភាព។
ទី៧⁃ គ្រប់គណកម្មការជំនាញ និងសហព័ន្ធកីឡាជាតិទាំងអស់ ត្រូវខិតខំជំរុញតាមផែនការ ដែលបានកំណត់ ព្រោះពេលវេលានៅត្រឹម ២ឆ្នាំ បើគិតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។ សម្រាប់ការត្រៀមរៀបចំរបស់យើង គ្រប់យ៉ាងត្រូវឲ្យហើយរួចរាល់នៅខែមករា ឆ្នាំ២០២៣។ ត្រូវយកការចូលរួមប្រកួតស៊ីហ្គេម នៅហាណូយ នាខែវិច្ឆិកាខាងមុខ ឆ្នាំ២០២១ និងការរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ជាការសាកល្បង និងជាការហាត់សម (rehearsal លើកទី១)។
លោកបណ្ឌិត ថោង ខុន បានសង្កត់ធ្ងន់ថា ចំណុចសំខាន់ៗនៃការងារខាងលើនេះ ត្រូវចូលរួមធ្វើឲ្យមានប្រសិទ្ធភាពគ្រប់ភាគីពាក់ព័ន្ធសម្រាប់ការត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យជាប្រវត្តិសាស្ដ្រ និងកំណត់ត្រាល្អ ក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ៕
ដោយ, សិលា