អីក៏ខ្លាំងម្លេះ! ហ៊ានឈួសឆាយផ្លូវសាធារណៈបិទមិនឲ្យធ្វើដំណើរឆ្លងកាត់, ប្រពលរដ្ឋផ្ទុះការតវ៉ា

ចែករំលែក៖

ខេត្តកំពត៖ ប្រជាពលរដ្ឋប្រមាណជិត២០គ្រួសារដែលរស់នៅភូមិអូរតូច(វាលវង់) សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត បានផ្ទុះការតវ៉ា និងបុគ្គលឈ្មោះ ស៊ូ យី ដែលរស់នៅភូមិ សង្កាត់ ក្រុងខាងលើដោយបុគ្កលរូបនេះបានលួចឈួសឆាយផ្លូវលំចាស់ចោលហើយចាក់ដីថ្មីបិទមិនឲ្យប្រជាពលរដ្ឋធ្វើដំណើឆ្លងកាត់ បំណងយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនទាំងបំពាន។

ករណីនេះបានកើតឡើងកាលពីអំឡុងដើមខែមេសា ឆ្នាំ២០២១ មកម្លេះហើយប្រជាពលរដ្ឋបាននាំគ្នាផ្តិតមេដៃនិងដាក់ពាក្យបណ្តឹងទៅអាជ្ញាធរភូមិ សង្កាត់រួចរាល់ហើយដែរ ក៏ប៉ុន្តែមកដលពេលនេះខាងអាជ្ញាធរសង្កាត់នៅតែមិនទាន់បានរកដំណោះស្រាយជូនពួកគាត់នោះឡើយ។ តំណាងប្រជាពលរដ្ឋបានឲ្យដឹងថា, ផ្លូវលំ១ខ្សែនេះគឺពួកគាត់បានធ្វើដំណើរទៅស្រែចំការនិងអ្នកខ្លះត្រូវចូលទៅផ្ទះសម្បែងតាំងតែពីយូរយាណាស់មកហើយស្រាប់តែនៅអំឡុងដើមខែមេសាឆ្នាំ២០២១នេះក៏មានបុគ្គលឈ្មោះ ស៊ូ យី នេះបានលួចយកគ្រឿងចក្រមកឈួសឆាយផ្លូវលំចាស់នោះចោលអស់ហើយ គេក៏បានដឹកដីយកមកចាក់ថ្មីដើម្បីងាយស្រួលចេញចូលទៅកន្លែងផ្នូសពរបស់សាច់ញាតិគាត់ ដោយបិទមិនពលរដ្ឋដែលធ្លាប់ធ្វើដំណើរឆ្លងកាត់ទៀតនោះទេ ដោយបុគ្គលឈ្មោះស៊ូ យី នោះសំអាងថាដីស្រែរបស់គាត់នៅជាប់សងខាងផ្លូវលំមួយនោះដូច្នេះហើយគេចង់ធ្វើអ្វីស្រេចតែចិត្ត។ ក្រុមប្រជាពលរដ្ឋបានអះអាងថា ផ្លូវលំមួយនេះគឺមានប្លង់ត្រឹមត្រូវចេញដោយមន្ត្រីសុរិយោដីខេត្តកំពត ដោយកំណត់នៅក្នុងប្លង់នោះជាផ្លូវសាធារណៈ ប៉ុន្តែបុគ្គលឈ្មោះស៊ូ យី បែជាចោទថាប្រជាពលរដ្ឋនាំគ្នាឃុបឃិតជាមួយមន្ត្រីសុរិយោដីលួចធ្វើនៅលើផ្លូវលំនោះទៅវិញ ។ ពលរដ្ឋបានលើកឡើងថាកោតតែបុគ្គលឈ្មោះស៊ូ យី នេះហ៊ានហាមាត់ចោទប្រកាន់មកលើពួកគាត់និងមន្ត្រីសុរិយោដីទៅកើត ព្រោះថានៅពេលដែលគេចុះវាស់វែងធ្វើនិងចេញប្លង់រឹង គឺដាច់ខាតត្រូវតែមានម្ចាស់ដីឬភាគីពាក់ព័ន្ធដែលមានព្រំប្រទល់ជាប់គ្នាមកផ្តិតមេដៃត្រឹមត្រូវទើបគេចេញប្លង់រឹងអោយតែបែជាគាត់ចោទមកលើពួកគាត់ទាំងខ្លួនធ្លាប់ដឹងឮទៅហើយ។
ប្រភពបន្តថា, នៅពេលពួកគាត់នាំផ្ទុះការតវ៉ាសុំអោយបុគ្គលឈ្មោះស៊ូ យីនោះបើកផ្លូវអោយពួកគាត់ធ្វើដំណើរវិញនោះស្រាប់តែឈ្មោះស៊ូ យី បានទៅចាក់ដីធ្វើផ្លូវកន្លែងផ្សេងដើម្បីអោយពួកគាត់ដើរវាង ប៉ុន្តប្រជាពលរដ្ឋមិនយល់ព្រមនោះទេ ព្រោះពួកគាត់បានលើកឡើងថា, ផ្លូវដែលគេចាក់ដីអោយប្រជាពលរដ្ខ ដើរវាងនោះគឺស្ថិតនៅក្នុងប្លង់កម្មសិទ្ធរបស់ឈ្មោះស៊ូ យី ហើយបើថ្ងៃក្រោយមានបញ្ហាអីទៅគេបិទផ្លូវនោះទៀត តើពួកគាត់បានផ្លូវណាដើម្បីចេញចូលធ្វើស្រែចំការបានដូចសព្វដងទៅ ព្រោះវាជាកម្មសិទ្ធរបស់គេៗចង់បិទពេលណាក៏បានដែរ។
ក្នុងករណីនេះ លោក គង់ បូ មេភូមិអូរតូច(វាលវង់) បានអោយដឹងថា, ការពិតការឈូសឆាយនោះ ជាដីផ្លូវសាធារណៈរបស់រដ្ឋ របស់ប្រជាពលរដ្ឋ ប្រើរួមភូមិ មានរយះពេល៣០-៤០ឆ្នាំមកហើយ។ ដោយឡែក ឈ្មោះ ស៊ូ យី ទើបមកក្រោយ ហើយយកសពម្តាយគាត់មកបញ្ចុះនៅទីនោះលើដីរបស់គាត់ ប៉ុន្តែផ្លូវវិញ មានទាំងប្លង់រឹងចេញពីសុរិយោដីរួចរាល់ហើយ ជាផ្លូវសាធារណៈ។ លោកមេភូមិបានបន្តថា, រឿងនេះខ្ញុំបានរាយការណ៍ជូនទៅចៅសង្កាត់អោយជួយដោះស្រាយរួចហើយ មិនដឹងថា ការដោះស្រាយនេះដល់ណាទេ។
លោកចៅសង្កាត់អណ្តូងខ្មែរ លោក យ៉យ ស៊ីថង បានបញ្ជាក់ថា,ករណីនេះលោកបានហៅមកសម្របសម្រួលចំនួន ២លើករួចមកហើយ ប៉ុន្តែមិនទាន់ចប់នៅឡើយ រវាងឈ្មោះខាងលើ ជាមួយប្រជាពលរដ្ឋ បន្ទាប់ពីទទួលពាក្យបណ្តឹង។
អភិបាលក្រុងកំពត លោក លាង រឿនសុធី
បានបញ្ជាក់ថា, ខ្ញុំមិនទាន់បានដំណឹងនេះនៅឡើយ អាចខាងសង្កាត់គេកំពុងធ្វើការដោះស្រាយសិន ហើយមិនទាន់ធ្វើរបាយការណ៍មកក្រុង។ លោកបន្តថា, បើមានហេតុផលច្បាស់លោកត្រូវតែមាដំណោះស្រាយជូនប្រជាពលរដ្ឋ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print