ខេត្តសៀមរាប៖ ដោយសារគ្រោះធម្មជាតិ ២ករណីផ្សេងគ្នា នៅស្រុកសូទ្រនិគម ខេត្តសៀមរាប បានធ្វេីឲ្យមនុស្ស៣នាក់ ស្លាប់យ៉ាងអាណោចអាធ័ម កាលពីយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។
ជាក់ស្ដែងបើយោងតាមរបាយការណ៍របស់គរបាលស្រុកសូទ្រនិគម បានឲ្យដឹងថា នៅវេលាម៉ោង៧យប់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ មានករណីរន្ទះបាញ់មនុស្សស្លាប់២នាក់ នៅចំណុចចុងភូមិសំរោង ឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ដោយជនរងគ្រោះទី១.ឈ្មោះ ពុធ ធ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិគោកចាន់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។ និងទី២.ឈ្មោះ ពុធ ថាន់ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា។ អ្នកទាំង២ជាបងប្អូនបង្កើត នឹងគ្នា ។
របាយការណ៍ដដែល បន្តថា មុនពេលកើតហេតុជនរងគ្រោះទាំង២ និងក្រុមគ្រួសារ យកត្រាក់ទ័រ ទៅភ្ជួររដី ដើម្បីដាំដំឡូង នៅនឹងចំការរបស់ខ្លួន ស្ថិតក្នុងភូមិ ឃុំកើតហេតុខាងលើ។ ប៉ុន្តែនៅម៉ោងកើតហេតុ ដោយសារមេឃភ្លៀងខ្លាំង ក៏នាំគ្នាចងតង់ដើម្បីជ្រកភ្លៀង។ ខណៈពេលកំពុងជ្រកភ្លៀង ស្រាប់តែរន្ទះបាញ់ស្លាប់ទាំង ២នាក់ បងប្អូន នៅនឹងកន្លែងកើតហេតុតែម្ដង ចំណែកក្រុមគ្រួសារជ្រកនៅតង់មួយទៀត មិនបណ្ដាលឲ្យប៉ះពាល់ទេ ។
ដោយឡែកករណីមួយទៀត បានកេីតឡេីងនៅយប់ថ្ងៃដដែល ព្រោះតែដើមឈើមួយដេីម បានរលំសង្កត់ខ្ទមអ្នកចាំស្រែបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។
សពជនរងគ្រោះឈ្មោះ ដា វណ្ណា ហៅម៉ាប់ ភេទប្រុស អាយុ ១៥ ឆ្នាំ នៅភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញ បានធ្វេីកោសល្យវិច័យ រួចក៏ប្រគល់សពជនរងគ្រោះទាំង៣នាក់ខាងលេីនេះ ឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី នៅព្រឹកថ្ងៃសុក្រទី៧ ខែឧសភានេះនៅផ្ទះរៀងៗខ្លួន៕ដោយ៖សហការី