សម្ដេច ក្រឡាហោម​ ស ខេង បញ្ជាឲ្យអាជ្ញាធរមូលដ្ឋានត្រូវពិនិត្យមើលឡើងវិញលើរថយន្តដឹកដី

ចែករំលែក៖

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវរួមគ្នាពិនិត្យ និងចាត់វិធានការឡើងវិញចំពោះបញ្ហារថយន្តដឹកដីណាឥតសណ្តាប់ធ្នាប់ ដែលធ្វើឲ្យមានធ្លាក់ដីខូចបរិស្ថានក្នុងរាជធានីភ្នំពេញ និងទីប្រជុំជននានា ខណៈដែលប្រជាពលរដ្ឋអ្នកធ្វើដំណើរជាច្រើន បានរអ៊ូរទាំពីបញ្ហាប្រឈមនៃរថយន្តដឹកដីធ្វើអាជីវកម្ម។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងពីប្រសាសន៍របស់សម្តេចក្រឡាហោម ស ខេង នៅក្រោយកិច្ចប្រជុំបូកសរុបលទ្ធផលការងារសប្ដាហ៍ទី១ ខែមីនា របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង ថា សម្រាប់បញ្ហារថយន្តបើកបរធ្វើអាជីវកម្មដឹកដីធ្វើឲ្យខូចផ្លូវ ធ្លាក់ដី ហុយដី បង្កឲ្យការប៉ះពាលបរិស្ថាន និងបើកបរមិនគោរពសិទ្ធអាទិភាពអ្នកដទៃ នឹងត្រូវបានចាត់វិធានការធ្ងន់ធ្ងរមួយទៅតាមច្បាប់កំណត់ ។ សម្រាប់រថយន្តធុនធំដឹកដីកំពុងបានបើកបរបច្ចុប្បន្នភាគច្រើនគឺគេឃើញមានរថយន្តមួយចំ នួន ដឹកដីហៀរ អត់គ្រប ធ្លាក់ធ្វើដីហុយប៉ះពាលដល់សុខភាព សំលៀកបំពាក់ អ្នកធ្វើដំណើរដោយម៉ូតូ ។ សម្រាប់បញ្ហានេះ សម្រេចក្រឡាហោម ស ខេង ថានឹងចាត់វិធានការ ប៉ុន្តែមិនទាន់បានកំណត់ពេលវេលាថាតើត្រូវអនុវត្តនៅពេលណានោះទេ ។

ក្នុងកិច្ចប្រជុំនោះដែរ សម្តេចក្រឡាហោម ស ខេង មានមោទនភាពចំពោះកងកម្លាំងនគរបាលចរាចរណ៍ និងមន្ត្រីពាក់ព័ន្ធនានា ដែលចូលរួមចំណែកជួយធ្វើឲ្យអាត្រាគ្រោះថ្នាក់ចរាចរណ៍ទាំងការស្លាប់ និងរបួសបានធ្លាក់ចុះជាលំដាប់។ របាយការណ៍បញ្ជាក់ថា នៅក្នុងសប្តាហ៍ទី១ ក្នុងខែមីនានេះ ចំនួនគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង៨២លើកថយចុះ១៤លើក បើប្រៀបធៀបនឹងរយៈពេលដូចគ្នានឹងសប្តាហ៍ទី១នៅក្នុងខែកុម្ភៈ ។

ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ទាំង៨២លើកនេះ គឺបានបណ្តាលឲ្យមនុស្សស្លាប់៣៦នាក់ ថយចុះ១៦នាក់ ក្នុងនោះស្លាប់ដោយសារការមិនពាក់មួកសុវត្ថិភាព មាន១៨នាក់ និងបង្កឲ្យមានអ្នករបួស១៥២នាក់កើនម្នាក់ ។ បញ្ហាដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍នោះ គឺកើតដោយសារកត្តាល្បឿនហួសកំណត់ ៤៧% វ៉ាជែង១៦% កត្តាស្រវឹង ១១% មិនគោរពអាទិភាព១០% ហើយក្រៅពីនេះគឺកើតដោយសារកត្តាមិនប្រកាន់ស្តាំ បត់ និងកត្តាងងុយដេក ៕

20160310041754

20160310041754 (1)

20160310041755

20160310041746

20160310041746 (1)

20160310041746 (2)

...

ដោយ៖ សុខ​ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print