វៀតណាម៖​ ប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ នៅតំបន់ភាគខាងជើងដែលជាតំបន់បិទខ្ទប់​ ចំនួន២៨នាក់បន្ថែមទៀត

ចែករំលែក៖

អន្តរជាតិ​៖ បេីយោង​តាមការបញ្ជាក់ពី​ក្រសួងសុខាភិបាលវៀតណាម បានប្រកាសពីការរកឃើញ ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 នៅតំបន់ភាគខាងជើងដែលជាតំបន់បិទខ្ទប់​ ចំនួន ២៨ករណីបន្ថែមទៀត បេីគិតចាប់តាំងពីម៉ោង ០៦៖០០នាទីល្ងាចថ្ងៃចន្ទ ដល់ម៉ោង ០៦៖០០នាទីព្រឹកព្រលឹមថ្ងៃអង្គារទី១១ ខែឧសភា ឆ្នាំ២០២១នេះ។ ចំពោះ​ករណី​រកឃើញ​ថ្មី​នេះ ដែលនាំឲ្យចំនួ​នសរុបនៅទូទាំងប្រទេសវៀតណាមកើនឡើងដល់ ៣,៤៨៩ករណី។

ជាក់ស្ដែងសារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភានេះដែរ​ បានដកស្រង់ចេញផ្សាយប្រភពព័ត៍មានពី​ក្រសួងសុខាភិបាលវៀតណាម​ ដោយ​បានគូសបញ្ជាក់ថា៖ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៣ករណីត្រូវបានរកឃើញនៅខេត្ត បាក នីញ (Bac Ninh) ភាគខាងជើង, ០៧ករណីនៅខេត្ត វិញ ហ្វ៊ុក (Vinh Phuc) ភាគខាងជើង, ០៥ករណីទៀតនៅខេត្ត បាក ហ្គៀង (Bac Giang) ភាគខាងជើង និង ០៣ករណីទៀតនៅខេត្តផ្សេងៗ។ ករណីភាគច្រើន គឺមានជាប់ទាក់ទងជាមួយអ្នកជំងឺ ដែលត្រូវបានរាយការណ៍កាលពីមុន ឬមានជាប់ទាក់ទងជាមួយចង្កោមអ្នកចម្លង នៅតាមមូលដ្ឋាន។

បន្ថែម​ពីនេះ​ ក្រសួងសុខាភិបាលវៀតណាម បន្តថា មនុស្សប្រហែល ៨៩២,៥០០នាក់ដែលធ្វើការនៅជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺCOVID-19 ដែលភាគច្រើនជាបុគ្គលិកសុខាភិបាល បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងរាតត្បាត ដ៏កាចសាហាវនេះរួចរាល់។ គិតត្រឹមម៉ោង ០៦៖០០នាទីព្រឹកថ្ងៃអង្គារនេះ ប្រទេសវៀតណាម បានកត់ត្រានូវករណី COVID-19 សរុបចំនួន ៣,៤៨៩ករណី ក្នុងនោះមានអ្នកស្លាប់៣៥នាក់ និងជាសះស្បើយវិញ ២,៦១៨នាក់៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print