ករណី​បុរស​ម្នាក់​ បើករថយន្តទាំងស្រវឹងបុកអ្នកជិះកង់ស្លាប់ នៅគល់ស្ពានមេគង្គ សមត្ថកិច្ច​បញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង៖​ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ​ សមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលខេត្ត បានបញ្ជូនសំណុំរឿងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកអ្នកជិះកង់ បណ្ដាលឲ្យស្លាប់ម្នាក់ នៅស្ពានមេគង្គខេត្តស្ទឹងត្រែង ទៅកាន់សាលាដំបូងខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​។

តាមប្រភពព័ត៍មានពី​មន្រ្តីជំនាញ​ការិយាល័យ​ចរាចរ​ បានឲ្យដឹងថា​
ភាគី​អ្នកជិះកង់ ឈ្មោះ គង់ ខេង អាយុ ៦៣ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានបាត់បង់ជីវិត បន្ទាប់ពីក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់ តាមរថយន្តពេទ្យបង្អែក ខេត្តស្ទឹងត្រែង។ ចំណែក​អ្នកបើកបររថយន្ត ឈ្មោះ ហេង សុខណាក់ ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិចំការលើ ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ត្រូវបានសមត្ថកិច្ច ចរាចរណ៍ផ្លូវគោក ឃាត់ខ្លួនបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង។

គួររម្លឹកថា​ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១កន្លងទៅ​នេះ​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅគល់ស្ពានមេគង្គ ត្រើយខាងកើត ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។ រថយន្តតូយ៉ូតា តាកូម៉ា មួយគ្រឿង បានបុកអ្នកជិះកង់ កំពុងហាត់ប្រាណ ធ្លាក់ពីលើស្ពាន បាត់បង់ជីវិត ពេលធ្វើដំណើរស្របគ្នា ក្នុងទិសដៅពីក្រុងស្ទឹងត្រែង ឆ្ពោះទៅកាន់ ស្រុកថាឡាបរិវ៉ាត់។ ភ្លាមនោះ រថយន្តក៏បានជ្រុលចង្កូត ទៅបុកជាប់នឹងក្បាលស្ពានមេគង្គ។

បេីតាមលោក ឈឿន ម៉េង នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត​ បានបញ្ជាក់ថា​ រថយន្តបង្កម៉ាកតូយ៉ូតា តាកូម៉ា ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ចាម 2A3323 និងកង់របស់ជនរងគ្រោះ កម្លាំងសមត្ថកិច្ចយកមករក្សាទុក នៅការិយាល័យជំនាញ ចរាចរណ៍ផ្លូវគោក។​ លោកប្រធាន​ការិយាល័យ​រូបនេះ​ បន្តថា​ មូលហេតុ​ដោយសារអ្នកបើកបររថយន្ត ក្នុង​ស្ថានភាព​ស្រវឹង​បានល្មើសនឹងច្បាប់ចរាចរណ៍៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print