ខេត្តកំពង់ឆ្នាំង+ពោធិ៍សាត់៖ ប្រជាពលរដ្ឋបានលើកឡើងថា, ការស្ថាបនាបង្ហាញពីភាពរអាក់រអួល(យឺតបំផុត) គឺចាប់ពីចំណុចខេត្តកំពង់ឆ្នាំង ដល់ធ្លារម្អម ខេត្តពោធិ៍សាត់ និងពីធ្លាមម្អម ដល់ទីរួមខេត្តពោធិ៍សាត់។ ដូច្នេះពួកគាត់សំណូមពរអោយខាងក្រសួងសាធារណការ និងដឹកជញ្ជូន មេត្តាជួយជម្រុញ ពន្លឿន អោយក្រុមហ៊ុនស្ថាបនាសាងសង់នោះ បានដំណើរដូចគេផង ខណះផ្លូវជាតិលេខ៥ នេះ មានកន្លែងផ្សេងក្រុមហ៊ុនដំណើរការជាប្រចាំ មានគ្រឿងចក្រ ឡាន បុគ្គលិកកម្មករ ធ្វើការរាល់ថ្ងៃ។ ខុសអីតែពីខេត្តកំពង់ឆ្នាំង ដល់ខេត្តពោធិ៍សាត់ សឹងតែអត់ដំណើរការ។
បណ្តាលអោយមានគង្ហុក រន្ធបាយខុម សំបុកមាន់ ធ្វើអោយអ្នកបើកបរ ទាំងម៉ូតូ ឡានរលាក់ , បើអ្នកមានជម្ងឺ ឬស្ត្រីមានផ្ទៃពោះវិញ គាត់លំបាកក្នុងការធ្វើដំណើរ។
បើតាមមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានលួចបង្ហើបថា, ចាប់ពីខេត្តកំពង់ឆ្នាំង ដល់ចំណុចធ្លាម្អម ខេត្តពោធិ៍សាត់ គឺក្រុមហ៊ុនហាន់សុីញ ដេញថ្លៃបាន ។ ដោយឡែកពីចំណុចធ្លាម្អម ដល់ទីរួមខេត្តពោធិ៍សាត់ គឺក្រុមហ៊ុន អីលស៊ុង ដេញថ្លៃបាន ហើយការរអាក់រអួលនេះ កន្លងទៅមានហេតុផលខ្លះដែរ ដូចជាកង្វះខាតគ្រឿងចក្រ សម្រាប់បម្រើអោយក្រុមហ៊ុនស្ថាបនារបស់ខ្លួន និងរំពឹងលើការ(សាប់)ម៉ៅការបន្តអោយក្រុមហ៊ុនតូចៗក្នុងស្រុក តែក្រុមហ៊ុនខ្លះម៉ៅការបន្ត ទទួលបានតំលៃទាប ក៏មិនអាចធ្វើបាន នេះក៏ជាចំណុច បង្កើតអោយរាំងស្ទះយឺតយូរ រអាក់រអួលលើដំណើរការចង្វាក់ការស្ថាបនា ។ ករណីមួយទៀត ក្រុមហ៊ុន ហានសុីញ និងក្រុមហ៊ុន អីលស៊ុង មានទម្លាប់ចេញថ្លៃបញ្ចុះតម្លៃទាប នេះជាបញ្ហាមួយលើគុណភាពបច្ចេកទេសផងដែរ។ អ្វីដែលក្រសួងគួរមានវិធានចុះពិនិត្យ ជាក់ស្តែងនៅពេលនេះ ហេតុអីក៏ក្រុមហ៊ុនទាំង២មិនបានដំណើរការ ស្របពេលដែលរដូវទឹកភ្លៀងធ្លាក់ផង ក៏បណ្តាលអោយមាន ក្រឡុក ជង្ហុគ ទឹកដក់ ជាបញ្ហាច្រើនសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់គ្រប់មធ្យោបាយ ទាំងអស់។ ចំណុចនេះសង្ស័យអ្នកម៉ៅការបន្តបានរត់ចោលអស់តែម្តង។
សូមជម្រាបជូនថា, បើសិនជាខាងក្រសួងពិនិត្យអោយដិតដល់ ,មន្ត្រីបានលើកឡើងថា, ក្រុមហ៊ុន ហានសុីញ និងក្រុមហ៊ុន អីលស៊ុង អាចមិនមានសិទ្ធិចូលដេញថ្លៃនៅពេលក្រោយទៀតបានឡើយ បើដំណើរការស្ថាបនារបស់ក្រុមហ៊ុនទាំងនេះ មិនទាន់មានគ្រឿងចក្រអោយមានតុល្យភាពទៅនឹងការងារ។
ឮដំណឹងថា, ថ្មីៗនេះក្រុមហ៊ុនអីលស៊ុង ដេញថ្លៃបានកំណត់ផ្លូវជាតិ៤៨ នៅខេត្តកោះកុង ក្នុងតម្លៃទាបជាងគេជិត១០លានដុល្លារឯណោះ។
ចំពោះក្រុមហ៊ុន( HANSHIN) គេដឹងគ្រប់គ្នា ថា, ខណះស្ថិតក្នុងបញ្ជីខ្មៅរបស់ក្រសួង បន្ទាប់ពីស្ថាបនាផ្លូវពីក្រុងតាខ្មៅទៅព្រំដែនស្រុកកោះធំ ខេត្តកណ្តាល បណ្តាលអោយមានបញ្ហាស្រុត ប្រេះ ស្រាំ និងតម្រូវអោយធ្វើឡើងវិញ, ។ បច្ចុប្បន្នការស្ថាបនាផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ២ អត់ឃើញដំណើរការអោយដូចក្រុមហ៊ុនផ្សេងៗសោះ ធ្វើដោយចន្លោះ យឺតយូរ ឬមួយមិនចង់ធ្វើ ? ខណះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តែងចុះពិនិត្យជាក់ស្តែង ប្រកបដោយការទទួលខុសត្រូវបំផុតផងនោះ។ ពាក់ព័ន្ធក្នុងករណីនេះ អង្គភាព” នគរដ្រេហ្គន”មិនអាចធ្វើការទំនាក់ទំនងពីលោក Tae-Youp Roh (Tim) តំណាងអោយក្រុមហ៊ុន( HANSHIN) នៅនៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានទេ ដោយទូរស័ព្ទត្រូវបានបិទ ។ ដោយឡែកខាងក្រុមហ៊ុន អ៊ីលស៊ុង គ្មានលេខទូរស័ព្ទទាក់ទង។
សូមបញ្ជាក់ថា, កន្លងទៅលោកអគ្គនាយកផ្លូវថ្នល់ ច្រើនលើកហេតុផលថា ក្រុមហ៊ុនមិនសូវដំណើរការ ដោយសារស្ថានភាពរដូវភ្លៀងធ្លាក់។ ដោយឡែក លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កន្លងទៅ បានប្រាប់អង្គភាព”នគរដ្រេហ្គន” តាមទូរស័ព្ទថា, តាមពិតខាងក្រុមហ៊ុនគេធ្វើរាល់ថ្ងៃតើ ហេតុអីថាគេមិនធ្វើ។
ទោះជាមានបកស្រាយបែបនេះក៏ដោយ ក៏អង្គភាព”នគរដ្រេហ្គន”ព្យាយាមផ្តិតរូបភាពជាក់ស្តែង ចំពោះក្រុមហ៊ុន មិនបានធ្វើការស្ថាបនា ពីខេត្តកំពង់ឆ្នាំង ដល់ខេត្តពោធិ៍សាត់ ផ្ញើជូនគាត់ ដើម្បីបានទទួលព័ត៌មាន ខ្លះៗ អាចជម្រុញអោយក្រុមហ៊ុនទាំងនោះដំណើរបានលឿន ស្របតាមគោលការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ៕
https://youtu.be/T4tTmwTLOQk
ដោយ, សិលា