ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៤៤១គ្រួសារ ដែលរស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ទទួលបានអំណោយ របស់ក្រុមកាងាររៀបចំអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានសហការជាមួយក្រុមការងារ រៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាក្រៅប្រទេសរបស់លោក ហ៊ុន ម៉ាណែត ដឹកនាំដោយ លោក ស សេរីវិចិត្រ ប្រធានក្រុមការងារៀបចំអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក បាននាំយកអំណោយរបស់ក្រុមកាងាររៀបចំអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរ ខាងលិច នៅសហរដ្ឋអាមេរិក ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ៤៤១គ្រួសារ ដែលរស់នៅក្នុងភូមិ៤, ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ។

ក្នុងនាមលោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុម ការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាក្រៅប្រទេស, លោក ម៉ឹង ពន្លក ប្រធានក្រុមការងារ រៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុកសហរដ្ឋអាមេរិក លោក ស សេរីវិចិត្រ បាននាំនូវ ការផ្ដាំសួរសុខទុក្ខ និងដោយបានមើលឃើញពីការលំបាករបស់បងប្អូនទាំងអស់នៅទីនេះ ហើយក្នុងនាមជាជនរួមជាតិ តែមួយ ក៏ដូចជាការចូលរួមសម្រាលបន្ទុកជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការកាត់ផ្ដាច់ចង្វាក់នៃការចម្លងជម្ងឺកូវីដ-១៩ ទើបបងប្អូនរស់នៅក្រៅប្រទេស បានប្រមូលនៅមូលនិធិសប្បុរសមួយចំនួន ដើម្បីរៀបចំជាស្បៀងអាហារ មកផ្តល់ជូន បងប្អូន ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ក្នុងគ្រាដ៏លំបាកនៃការរាតត្បាតជំងឺកូវីដ-១៩ ដ៏កាចសាហានេះ ។

នៅក្នុងឱកាសនេះដែរ លោក ថេង សុថុល បានថ្លែងនូវការកោតសសើរដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការយោគ យល់និងចូលរួមអនុវត្តនូវវិធានការមួយចំនួនដែលរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញកន្លងមក។ ពិតណាស់ ការចូលរួមរបស់ប្រជាពលរដ្ឋ ពិតជាបានបង្ហាញនូវការស្រលាញ់ខ្លួនឯង ស្រលាញ់គ្រួសារ សហគមន៍ និង សង្គមជាតិយើង ហើយមិនថាប្រជាពលរដ្ឋក្នុងប្រទេស ឬតំបន់បិទខ្ទប់ គឺបានចូលរួម ដោយការទទួលខុសត្រូវ ប្រយុទ្ធ ប្រឆាំងនឹងជម្ងឺរាតត្បាត ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះ ដើម្បីប្រែក្លាយប្រទេសយើង ទៅរកស្ថានភាពដើមដែល គ្មានការរីករាតត្បាតនៃជម្ងឺកូវីដ-១៩ មុនព្រឹត្តិការណ៍ ២០ កុម្ភៈ ។ វិធានការ និងការចូលរួមនេះ ស្ដែងចេញឃើញច្បាស់ នូវការយកចិត្តទុកដាក់ និងសេចក្តីស្រលាញ់ខ្មែរពិតប្រាកដ (ខ្មែរស្រលាញ់ខ្មែរ) ផ្ទុយពីក្រុមអគតិមួយចំនួនដែលមិនត្រឹម តែមិនបានចូលរួមទប់ស្កាត់ ឬជួយបងប្អូន ដែលកំពុងជួបការលំបាក តែបែរជារិះរកគ្រប់ឧបាយកល បំផុសបំផុល សម្ដៅ បង្កើតចលាចល វឹកវរដល់សង្គមជាតិទាំងមូល ដោយមិនគិតពីអាយុជីវិតប្រជាជន និងប្រទេសជាតិទាំងមូល ឬនិយាយ បានម្យ៉ាងទៀតថា យកអាយុជីវិតរបស់បងប្អូន ធ្វើជាដើមទុន បម្រើផលប្រយោជន៍នយោបាយរបស់ពួកគេ ។ ទង្វើរបស់ ពួកគេ មិនស្មើនឹងកូនៗ ក្មួយៗ តូចៗដែលបានចូលរួមអនុវត្ត វិធានការកន្លងមកផង អ្វីដែលគេសាកសមទទួលបានពី ទង្វើបំផ្លិចបំផ្លាញជាតិ ។

លោកអភិបាលខណ្ឌ បានបន្តថា ទោះបីជាយ៉ាងណា ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋយើង បន្តអនុវត្តវិធានការរបស់ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាវិធានការសុខាភិបាល ជាពិសេស វិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាក បាទក្រហមកម្ពុជា ដើម្បីឈានដល់ការគ្រប់គ្រង និងលុបបំបាត់ទាំងស្រុងនូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ។

ជាមួយគ្នានេះ លោក ថេង សុថុល ក្នុងនាមប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ាណែត, លោក ម៉ឹង ពន្លក, ក្រុមការងារយុវជនក្រៅប្រទេស តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក និងក្រុមការងារ ទាំងអស់ សូមជួបប្រទះនូវពុទ្ធពរបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ និងសូមចៀសផុតពីជម្ងឺកូវីដ-១៩ ទាំងអស់គ្នា ។

បើតាមលោក ស៊ុន សិទ្ធី នាយករដ្ឋបាលខណ្ឌចំការមន បានបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋចំនួន ៤៤១គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ១០គីឡូក្រាម, មី ១កេស, ទឹកត្រី ០១យួរ និងត្រីខ ០១យួរ ៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print