សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ សម្តែងនូវសមានចិត្តអាណិតអាសូរជាពន់ពេក​ ចំពោះកុមារីរងគ្រោះដោយការរំលោភសេពសន្ថវៈ និងប៉ុនប៉ងសម្លាប់​ដោយអារក ធ្វេីឱ្យបាត់បង់បំពង់សំឡេងអស់មួយជីវិត

ចែករំលែក៖

ខេត្តរតនគិរី, ដោយក្តីអាណិតអាសូរជាពន់ពេកនោះ​ នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២១នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យលោក ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ចុះសួរសុខទុក្ខកុមារី ស.ធ.ត អាយុ ១៤ឆ្នាំ ដែលរងគ្រោះដោយការរំលោភសេពសន្ថវៈ​ និងប៉ុនប៉ងសម្លាប់ដោយអារក​ ធ្វេីឱ្យបាត់បង់បំពង់សំឡេងអស់មួយជីវិត​ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ។

ក្នុងឱកាសនោះ លោកប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើការសួរសុខទុក្ខ និងក្តីអាណិតអាសូរជាពន់ពេកចំពោះកុមារីរងគ្រោះ ដែលបានជួបរឿងអកុសលនេះ។ ជាមួយគ្នានេះ​ លោក ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះអាយុជីវិតរបស់ក្មួយស្រីបានទាន់ពេលវេលា​ ហេីយថ្វីត្បិតតែក្មួយស្រីស្ថិតក្នុងស្ថានភាពធូរស្បើយបន្តិចក៏ពិតមែន តែសូមក្រុមគ្រូពេទ្យ ក៏ដូចជាអាណាព្យាបាល សូមបន្តយកចិត្តទុកដាក់មើលថែក្មួយស្រីឱ្យបានល្អបន្តទៀត។

ចំពោះករណីនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានអំពាវនាវចំពោះសមត្ថកិច្ចពាក់ព័ន្ធ​ទាំងអស់ សូមផ្តន្ទាទោសជនល្មេីសឱ្យបានធ្ងន់ធ្ងរបំផុត​ ដេីម្បីឱ្យស័ក្តិសមទៅនឹងការឈឺចាប់របស់ជនរងគ្រោះ។

ដេីម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​​ បានឧបត្ថម្ភជូនដល់គ្រួសារកុមារីរងគ្រោះនូវ​ អង្ករ ៥០គីឡូក្រាម, មី១កេស,​ ត្រីខ១យួរ,​ ទឹកដោះគោឆៅ២យួរ, ទឹកពិសា​ ១កេស, និងថវិកាចំនួន​ ៥លានរៀល។

សូមបញ្ជាក់ថា​ ហេតុការណ៍ខាងលេីនេះ​ បានកេីតឡេីងកាលពីថ្ងៃទី​ ៦​ ខែឧសភា ឆ្នាំ២០២១ នៅក្នុងចំការក្រុមហ៊ុនហ័ងអាញ ត្រង់ចំណុចការដ្ឋានទី០៣ ស្ថិតនៅភូមិមុយ ឃុំញ៉ាង ស្រុកអណ្តូងមាស​ ខេត្តរតនគិរី​៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print