អន្តរជាតិ៖ អត្រាឆ្លងករណីថ្មីៗនៃជំងឺ COVID-19 ទូទាំងប្រទេសថៃ នៅតែបន្តកេីនឡើងខ្ពស់ ខណៈដែលអាជ្ញាធរថៃ នៅថ្ងៃសុក្រទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញ ករណីឆ្លងCOVID-19 ថ្មី ចំនួន២,២៥៦នាក់ ព្រមទាំងករណីស្លាប់ថ្មី ៣០នាក់។
បើតាមសារព័ត៌មាន The Nation បានចុះផ្សាយនៅថ្ងៃសុក្រ ទី១៤ ខែឧសភានេះថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ០៥ករណីប៉ុណ្ណោះ ជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស។
ដោយឡែកនៅទីក្រុងបាងកក នូវតែជាកន្លែងដែលរកឃេីញករណីឆ្លងថ្មីៗច្រើនជាងគេដដែល គឺមានចំនួន ១,០៨៧នាក់ ហើយកន្លែងដែលមានករណីឆ្លងច្រើនៗ បន្ទាប់មក គឺខេត្តPathum Thani ដែលមាន ១៥៧ករណី, ខេត្ត Nonthaburi ដែលមាន១៣១នាក់ និងខេត្ត Samut Prakan ដែលមាន១២១នាក់។
អាជ្ញាធរថៃ បានបន្តថា ចំណែកករណីអ្នកជំងឺទើបតែស្លាប់វិញ គឺ១១នាក់ ស្ថិតនៅទីក្រុងបាងកក, ០៤នាក់នៅខេត្ត Ratchaburi, ០២នាក់នៅខេត្ត Pathum Thani និង០២នាក់នៅខេត្ត Sa Kaew រីឯខេត្ត Samut Prakan, Chachoengsao, Chonburi, Sukhothai, Maha Sarakham, Chiang Rai, Suphan Buri, Nonthaburi, Roi-Et, Phattalung និង Surat Thani មាន០១នាក់ដូចគ្នា។ អ្នកទាំងនោះ មានអាយុចន្លោះ១៥-៨៥ឆ្នាំ ហើយសុទ្ធតែមានជំងឺរ៉ាំរ៉ៃប្រចាំកាយស្រាប់ ដូចជាជំងឺសម្ពាធឈាមឡើងខ្ពស់ ជំងឺទឹកនោមផ្អែម និងជំងឺធាត់ ជាដើម។
គួរបញ្ជាក់ថា នៅថ្ងៃនេះដែល អាជ្ញាធរថៃ ក៏បានរាយការណ៍ពីករណីអ្នកជំងឺទើបជាសះស្បើយ មានចំនួន ១,៧០២នាក់ផងដែរ។ ដោយឡែកករណីឆ្លងសរុបនៃ COVID-19 នៅទូទាំងប្រទេសថៃ បានកើនដល់ ៩៦,០៥០នាក់ ក្នុងនោះ៨៩,៥៩៥នាក់ ជាករណីឆ្លងក្នុងសហគមន៍។ ចំណែកអ្នកជាសះស្បើយសរុប មានចំនួន ៦២,៣១៦នាក់ និងស្លាប់៥៤៨នាក់។ រីឯតួលេខចាក់វ៉ាក់សាំង COVID-19 គឺវ៉ាក់សាំង២,១២៤,៧៣២ដូស ត្រូវបានចាក់នៅក្នុងប្រទេសថៃ៕ដោយ៖ស តារា