រកឃើញ​មន្ត្រី​ក្រសួងផែនការ​ ២នាក់បន្ថែមទៀត​ មានវិជ្ជមាន​កូ​វីដ​-១៩

ចែករំលែក៖

ភ្នំពេញ​៖ បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ផែនការ​ នៅថ្ងៃសុក្រទី​១៤​ ខែឧសភា​ ឆ្នាំ​២០២១នេះ​ បានបញ្ជាក់ថា​ បន្ទាប់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានប្រកាស​រកឃើញ​អ្នក វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​១៥៤​នាក់នោះ​ ​ក្នុងនោះ​ដែល​មានមន្ត្រី​ក្រសួងផែនការចំនួន​ ២នាក់ ត្រូវ​បានធ្វេីតេស្តរកឃេីញមានវិជ្ជមាន​កូ​វីដ​-១៩​ ផងដែរ​។ ​

​នៅក្នុង​សេចក្តីប្រកាស​ខាងលេីនេះ​ បានបញ្ជាក់ថា​ មន្ត្រី​ទាំងពីរ​រូប នៃ​ក្រសួងផែនការ ដែល​រកឃើញ​វិជ្ជមាន​កូវីដ​-១៩នោះ​ រួម​មាន​​៖

ទី១.​ឈ្មោះ លឹម សិរីសម្បត្តិ ភេទ​ប្រុស អាយុ ២២​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល ផ្ទះ​លេខ​៨៩ ផ្លូវ​លេខ ២០០២ ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជា​មន្ត្រី​នៃ​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង ក្រសួងផែនការ ត្រូវបាន​សង្ស័យ​ឆ្លង​ពី​ប្អូនប្រុស​របស់គាត់​ដែលមាន​មុខរបរ​ផ្នែក​សេវា​ដឹកជញ្ជូន ក្នុងអំឡុង​ចុង ខែមេសា ឬ​ដើមខែ​ឧសភា ឆ្នាំ​២០២១ ដែល​រូបគាត់​ត្រូវបាន​តេស្ដ​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ នៅ​ថ្ងៃទី​១១ ខែ ឧសភា ឆ្នាំ​២០២១ ។ បន្ទាប់ពី​ឈ្មោះ លឹម សិរីសម្បត្តិ បាន​អញ្ជើញ​មក​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ទី​១ នៅ ទីស្តីការ​ក្រសួងផែនកា​រ កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២១ និង​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ទី​២ នៅ​ក្រសួងពាណិជ្ជកម្ម កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១​។​

ចំណែក​ទី២.​ឈ្មោះ ឆិល ឧ​ត្ត​ម ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល ផ្ទះ​លេខ​១៨A ផ្លូវ​លេខ​៤៩០ ភូមិ​២ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ជា​មន្ត្រី​នៃ​អតីត​អគ្គលេខាធិការដ្ឋាន ក​.​ជ​វ​.​ប ក្រសួងផែនការ ដែល​ត្រូវបាន​សង្ស័យ​ឆ្លង​វីរុស​កូ​វីដ​-១៩ ពី​អ្នក​ជួល​បន្ទប់​ក្បែរ​ខាង​គ្នា នឹងត្រូវ​បាន​តេស្ដ​រក ឃើញ​វិជ្ជមាន​កូ​វីដ​-១៩ នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១​។ ខណៈដែល​ឈ្មោះ ឆិល ឧ​ត្ត​ម បានមក​ទទួល​ការចាក់​វ៉ា​ក់ សាំង​ដូ​ស​ទី​១ នៅ​ទីស្តីការ​ក្រសួងផែនការ​កាលពី​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២១ បន្ទាប់មក​រូបគាត់​បា​ន​អវត្តមាន ពី​ទីស្តីការក្រសួង និង​បាន​ស្នាក់នៅ​បន្ទប់​ជួល​របស់គាត់​រហូតដល់​មាន​ករណី​ឆ្លង​វីរុស​កូ​វីដ​-១៩ នេះ​ឡើង ដោយ​មិនទាន់​បានទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ទី​២ នៅឡើយ​ទេ​។​

​ជាមួយគ្នានេះ​ ក្រសួងផែនការ ក៏បាន​ជូនដំណឹង​ជូន​ដល់​អ្នក​ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​អ្នកជំងឺ​ទាំង​០២​រូប​ខាងលើ ដោយផ្ទាល់ ត្រូវ​ទៅយក​សំណាក នៅតាម​ទីតាំង​ដែល​ក្រសួងសុខាភិបាល​បានកំណត់​ក្នុងនោះ​រួមមាន មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត​, មជ្ឈមណ្ឌល​សុខ ភាព​ចាក់អង្រែ​ក្រោម​, វិទ្យាល័យ​បាក់​ទូក​, វិទ្យាល័យ​បឹងត្របែក និង​សាលាបឋមសិក្សា​សុភមង្គល ព្រមទាំង ដាក់ខ្លួន​ឱ្យនៅ​ដាច់ដោយឡែក​រយៈពេល ១៤​ថ្ងៃ​។

ដោយឡែក​​ចំពោះ​អ្នកពាក់ព័ន្ធ​ដោយ​ប្រយោល សូមមេត្តា​ធ្វើ​ច​ត្តា​ឡី ស័ក​នៅផ្ទះ​១៤​ថ្ងៃ និង​តាមដាន​សុខភាព​ខ្លួនឯង ដោយ​គោរព​តាម​វិធាន​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល​។ ករណី​ស្ថានភាព​សុខភាព​មានការ​វិវត្តន៍​ខុសពី​ធម្មតា សូម​ទាក់ទង​ទៅកាន់​ទូរស័ព្ទ​ទាន់​ហេតុការណ៍​លេខ ១១៥ ដោយ​ឥតគិតថ្លៃ​។

​បន្ថែមពីនេះ​ ក្រសួងផែនការ សូម​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល និង​វិធានការ “៣​កុំ និង ៣​ការពារ​” របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គួរជម្រាបថា​ ជុំវិញករណីនេះដែរ​ បេីយោងតាម​របាយការណ៍របស់អាជ្ញាធរនាពេលកន្លងមក​ បានឲ្យដឹងថា​ គិត​ត្រឹម​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១ មន្ត្រី​ចំនួន ៦រូប នៃ​ក្រសួងផែនការ ត្រូវបាន​រកឃើញ​មាន​វិជ្ជមាន​កូ​វីដ​១៩ ក្នុងនោះរួមមាន​ ដូច​ខាង​ក្រោម​៖

ទី១. លោក អ៊ុង យ៉ាន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ផែនការ​។

ទី​២. លោក វង្ស សុខ​នី មន្ត្រី​អគ្គលេខាធិការដ្ឋាន​ក្រសួងផែនការ រកឃើញ​វិជ្ជមាន​វិជ្ជមាន​កូ​វីដ​១៩ កាលពី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២១​។

ទី​៣. លោក អ៊ុក វិចិត្រ មន្ត្រី​នៃ​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង រកឃើញ​មាន កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១​។​

ទី​៤. លោក អ៊ុក ទិ​ត្យ​សុភ​ក្តិ មន្ត្រី នៃ​អគ្គាធិការដ្ឋាន ក្រសួងផែនការ រកឃើញ​មាន​វិជ្ជមាន​កូ​វីដ​១៩ កាលពី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២១​។​

​ទី​៥. ឈ្មោះ លឹម សិរីសម្បត្តិ ភេទ​ប្រុស អាយុ ២២​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល ផ្ទះ​លេខ​៨៩ ផ្លូវ​លេខ ២០០២ ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជា​មន្ត្រី​នៃ​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង ក្រសួងផែនការ ត្រូវបាន​តេស្ដ​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ នៅ​ថ្ងៃទី​១១ ខែ ឧសភា ឆ្នាំ​២០២១ ។​

៦.​ឈ្មោះ ឆិល ឧ​ត្ត​ម ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល ផ្ទះ​លេខ​១៨A ផ្លូវ​លេខ​៤៩០ ភូមិ​២ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ជា​មន្ត្រី​នៃ​អតីត​អគ្គលេខាធិការដ្ឋាន ក​.​ជ​.​វ​.​ប ក្រសួងផែនការ ត្រូវបាន​តេស្ដ​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១៕​ដោយ​៖សហការី​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print