ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញនៅថ្ងៃទី ១៤ឧសភា ឆ្នាំ២០២១នេះ នៅតែបន្តចែកជូនស្បៀងអាហារ ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន៣១០០គ្រួសារបន្ថែមទៀត ហើយបើគិតមកដល់ពេលនេះ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩ ចំនួនជាង ៤០ម៉ឺនគ្រួសារហើយ ដែលទទួលបានស្បៀងអាហារដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖សម្រាប់ថ្ងៃទី១៤ឧសភានេះ អាជ្ញាធររាជធានីភ្នំពេញ បានបន្តចែកជូនស្បៀងអាហារ ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន៣១០០ គ្រួសារបន្ថែមទៀត ហើយក្នុងចំនួននេះ បានចែកជូនទៅ ប្រជាពលរដ្ឋ នៅខណ្ឌដូនពេញចំនួន៣០០គ្រួសារ,ខណ្ឌ៧មករាចំនួន៥០០
គ្រួសារ,ខណ្ឌទួលគោកចំនួន៥០០ គ្រួសារ,ខណ្ឌច្បារអំពៅ៨០០គ្រួសារ និងខណ្ឌកំបូលចំនួន១០០០គ្រួសារ ។
មន្ត្រីរដ្ឋបាលរាជធានីបានបន្តថា ៖ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំនិងបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា យកទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩ មេសា ដល់ថ្ងៃ១៤ខែ ឧសភានេះបានចំនួន៤០២៧៥២គ្រួសារហើយ ។
សូមបញ្ជាក់ថា៖ អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ពាក់ព័ន្ធនិងសកម្មភាពមនុស្សធម៏ខាងលើនេះ បាន ប្រើប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន ២០៦នាក់ និងរថយន្ត៦២គ្រឿង ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់៕
ដោយ៖ សំរិត