កណ្តាលៈ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបើកកិច្ចប្រជុំស្តីពីការពង្រឹងបន្ថែមលើការងារគ្រប់គ្រងមុខសញ្ញាតាមប្រព័ន្ធកុំព្យូទ័រ ដោយមានមន្ត្រីនគរបាលជំនាញយុត្តិធម៌ជាច្រើនរូបចូលរួម ដើម្បីបង្កើនការយល់ដឹងបន្ថែមទៀត ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅពេញមួយថ្ងៃក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក មួង ឃីម អនុប្រធាននាយដ្ឋានកណ្តាលនគរបាលយុត្តិធម៌ លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរង និងជាប្រធានការិយាល័យកណ្តាលនគរបាលយុត្តិធម៌ ។
លោកឧត្តមសេនីយ៍ឯក មួង ឃីម អនុប្រធាននាយដ្ឋានកណ្តាលនគរបាលយុត្តិធម៌បានថ្លែងថា ការងារគ្រប់គ្រងមុខសញ្ញាតាមប្រពន្ធ័កុំព្យូទ័រនេះ ក្រុមការងារនាយដ្ឋានបានយកខេត្តកណ្តាលជាខេត្តគំរូសម្រាប់រាជធានី-ខេត្តផ្សេងៗទៀត ។ ដូច្នេះមន្ត្រីជំនាញទាំងអស់ត្រូវខិតខំប្រឹងប្រែងធ្វើការងារថ្មីនេះឲ្យបានល្អប្រសើ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងមុខសញ្ញា ។ លោកអនុប្រធាននាយកដ្ឋានបានថ្លែងទៀតថា កន្លងមកក្រុមការងារនាយកដ្ឋានបានធ្លាប់ចុះមកបណ្តុះបណ្តាលពីរបៀបគ្រប់គ្រងមុខសញ្ញាតាមប្រព័ន្ធកុំព្យូទ័រនេះម្តងរួចមកហើយ ដើម្បីឲ្យកាន់តែយកច្បាស់ពីការងារនេះនិងអនុវត្តឲ្យមានប្រសិទ្ធភាព ទើបនៅព្រឹកនេះក្រុមការងារចុះមកពិនិត្យ និងពង្រឹកការងារនេះបន្ថែមទៀត ។
លោកឧត្តមសេនីយ៍ឯក មួង ឃីម បានថ្លែង កោតសរសើរដល់នគរបាលខេត្តកណ្តាលក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តដែលបានខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសប្លន់ប្រដាប់អាវុធនាពេលថ្មីៗនេះឈានដល់ឃាត់ខ្លួនបានក្រុមចោរប្លន់ដ៏សកម្ម ។
ជាចុងក្រោយលោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា បានស្នើសុំឲ្យក្រុមការងារនាយកដ្ឋានពិនិត្យនិងរៀបចំបញ្ជូលទិន្នន័យស្លាកលេខយានយន្ត ព្រមទាំងក្រញ៉ៅដៃទាំង១០របស់ប្រជាពលរដ្ឋទាំងអស់ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់ក្រុមការងារនគរបាលយុត្តិធម៌ ដើម្បីងាយស្រួលក្នុងការបង្រ្កាបបទល្មើសផ្សេង ៕ ជឺ តុងឡេង