វិចារណកថា៖ ពន្ធនាគារកន្លែងជួញដូរគ្រឿងញៀន?

ចែករំលែក៖

បណ្តាជនស្បែកខ្មៅ ដែលជាប់ពន្ធនាគារព្រៃស ជាយរាជធានីភ្នំពេញ ត្រូវគេរកឃើញថា មានជាប់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ។ ពួកទណ្ឌិតស្បែកខ្មៅ និងជនបរទេសមួយចំនួនជាមេខ្លោងដែលបញ្ជាឲ្យធ្វើសកម្មភាពក្នុងជំនួញគ្រឿងញៀនចេញពីក្នុងគុក ។ រឿងទណ្ឌិតរកស៊ីគ្រឿងញៀនមិនមែនតែនៅក្នុងពន្ធនាគារព្រៃសប៉ុណ្ណោះទេ ។ នៅឯពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ, ពន្ធនាគារខេត្តកណ្តាល… ក៏ត្រូវសមត្ថកិច្ចរកឃើញជំនួញគ្រឿងញៀននេះដែរ ។ អ្វីដែលកត់សម្គាល់ជាងនេះ អ្នកទទួលខុសត្រូវពន្ធនាគារទាំងឡាយនោះ មិនឃើញមានការផ្តន្ទាទោសនោះទេ ។

សកម្មភាពអវិជ្ជមាននៅក្នុងពន្ធនាគារ មិនមែនត្រឹមតែការប្រើប្រាស់ទូរស័ព្ទចល័ត(ទូរស័ព្ទដៃ) ដែលខុសច្បាប់នោះទេ ប៉ុន្តែមានរឿងរ៉ាវជាច្រើនស្មុគ្រស្មាញដែលពិបាកពិព័រណ៌នា ។ រឿងរ៉ាវជាច្រើននោះ ទាល់តែអ្នកជាប់ពន្ធនាគារ ទើបអាចពិព័រណ៌នាអស់ ។ សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ ពោលគឺអ្នកមិនធ្លាប់ជាប់គុក តើមានអ្វីខ្លះ នៅក្នុងគុកនោះទេ ។ នៅក្នុងបរិវេណពន្ធនាគារ មានអ្នករត់ការ…សម្រាប់ទិញម្ហូបអាហារជូនទណ្ឌិតដែលមានជីវភាពធូរធារ ។ ទណ្ឌិតដែលមានជីវភាពធូរធារអាចទទួលទានអាហារឆ្ងាញ់ៗ ហើយពេលខ្លះថែមទាំងអាចបបួលមន្ត្រីអនុរក្សពន្ធនាគារទៅច្រៀងខារ៉ាអូខេ ឱបស្រីលេងបានទៀតផង ។
រឿងរ៉ាវដដែលៗ ដែលសមត្ថកិច្ចចាប់បានករណីគ្រួសារទណ្ឌិត ឬជនសង្ស័យប្រើគ្រប់វិធីដើម្បីនាំគ្រឿងញៀនចូលក្នុងបន្ទប់ពន្ធនាគារនោះមានន័យថា ក្រៅពីអ្នកទោសប្រើប្រាស់គ្រឿងញៀន ក៏មានការចរាចរណ៍ និងជួញដូរគ្រឿងញៀននៅក្នុងនោះផងដែរ ។ ចុះក្រែងថា ពន្ធនាគារជាកន្លែងកែប្រែមនុស្ស? ហេតុអ្វីបានជាបណ្តោយឲ្យទណ្ឌិត ឬជនសង្ស័យប្រើប្រាស់គ្រឿងញៀនទៅវិញ? ប្រធានពន្ធនាគារអាចនិយាយបានថា វាជារឿងលំបាកក្នុងការគ្រប់គ្រង ពីព្រោះគ្រឿងញៀនតូចៗ ដែលទណ្ឌិត ឬជនសង្ស័យ អាចលាក់ទុកក្នុងរន្ធគូថ ឬក៏ក្នុងសម្ភារផ្សេងៗដែលសមត្ថកិច្ចអនុរក្សពន្ធនាគារមិនចាប់អារម្មណ៍ ។ ការលើកឡើងរបស់មន្ត្រីពន្ធនាគារបែបនេះអាចថា ត្រឹមត្រូវ ប៉ុន្តែនៅពេលដែលមានការប្រើប្រាស់គ្រឿងញៀននៃក្រុមទណ្ឌិត ឬជនសង្ស័យទាំងនោះ ពួកគេមិនអាចលាក់បាំងពីភ្នែកសមត្ថកិច្ច ដែលជាអ្នកអនុរក្សពន្ធនាគារនោះបានឡើយ ។
ក្រុមអ្នកប្រើប្រាស់គ្រឿងញៀនត្រូវចំណាយប្រាក់ទិញគ្រឿងញៀន និងចំណាយប្រាក់ជក់ទៀតផង ។ នេះបើគិតត្រឹមតែ ការប្រើប្រាស់(ជក់) គ្រឿងញៀននៅក្នុងពន្ធនាគារ ។ ប៉ុន្តែបើគិតដល់ការរៀបផែនការ(សេនារ៉ីយោ) ដើម្បីជួញដូរគ្រឿងញៀនទៀតនោះ ការប្រើប្រាស់ទូរស័ព្ទ មិនអាចលបនិយាយម្តង បញ្ចប់កិច្ចការបានដោយជោគជ័យនោះទេ ។ ពួកទណ្ឌិតជនបរទេសចំណាយប្រាក់ឲ្យសមត្ថកិច្ចអនុរក្សពន្ធនាគារ ជាថ្នូរនឹងការមានឱកាសដើម្បីបាននិយាយទូរស័ព្ទ ច្រើនម៉ោង ច្រើនពេលវេលា ច្រើនកន្លែង ទើបអាចចាត់ការ ជំនួញគ្រឿងញៀននៅក្រៅពន្ធនាគារបានជោគជ័យ ។ បញ្ហានេះ សមត្ថកិច្ចពន្ធនាគារអាចនិយាយថា ពួកជនល្មើស ឬទណ្ឌិតធ្វើសកម្មភាពមិនឲ្យសមត្ថកិច្ចដឹង ។ ជាការពិត ពួកគេធ្វើសកម្មភាពសូម្បីក្រៅពន្ធនាគារ ក៏មិនប្រាថ្នាឲ្យនរណាដឹងនោះដែរ ។ ប៉ុន្តែក្នុងនាមសមត្ថកិច្ច ដែលមានភារកិច្ចមើលការខុសត្រូវពួកអ្នកជាប់គុក ត្រូវតែដឹងរាល់សកម្មភាពរបស់ពួកគេ ។
រឿងគុកស្រុកខ្មែរ ក៏ជាបញ្ហាមួយដែលធ្វើឲ្យប្រជាពលរដ្ឋ ឬក្រុមគ្រួសារទណ្ឌិតឆ្អែតចិត្តណាស់ដែរ ។ សេចក្តីរាយការណ៍ពីស្ត្រីម្នាក់ ផ្សាយតាមវិទ្យុក្នុងស្រុកមួយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា នាងចំណាយប្រាក់១ម៉ឺនរៀល ដើម្បីមានឱកាសអង្គុយនិយាយជាមួយប្តីជាទណ្ឌិតនៅក្នុងពន្ធនាគារខេត្តកណ្តាល ។ បើចង់និយាយច្រើនជាង៣០នាទី ឬក្រោម១ម៉ោងត្រូវចំណាយប្រាក់៣ម៉ឺនរៀល ។ នាងក៏មិនចំណាយប្រាក់ដែរ ប្រសិនបើគ្រាន់តែជួបប្តីតាមច្បាប់កំណត់ ក្នុងចន្លោះប្រហោង បង្អួចពន្ធនាគារ ។ រឿងបែបនេះ ចាត់ទុកថា ធម្មតាសម្រាប់មន្ត្រីអនុរក្សពន្ធនាគារ ដោះស្រាយបញ្ហាកាហ្វេ គុយទាវប្រចាំថ្ងៃ ។
អ្វីដែលគួរឲ្យកត់សម្គាល់មួយទៀតនោះគឺក្រុមចោរប្លន់ប្រដាប់អាវុធដែលធ្វើសកម្មភាពមួយរយៈចុងក្រោយនេះ ភាគច្រើនជាអតីតទណ្ឌិត ។ ករណីប្លន់ប្រដាប់អាវុធច្រើនករណីកន្លងមក សមត្ថកិច្ចរកឃើញថា មេចោរប្លន់បានបញ្ជាចេញពីក្នុងពន្ធនាគារខេត្តកណ្តាល? មិនតែប៉ុណ្ណោះ ក្រុមចោរប្លន់ដែលសមត្ថកិច្ចចាប់បានមួយចំនួនកន្លងមកនេះ ភាគច្រើនក៏ជាអ្នកដែលទើបចេញពីពន្ធនាគារនោះដែរ? នេះជាអ្វីដែលគួរតែមើលឃើញពីចំណុចអវិជ្ជមានច្រើនយ៉ាងដែលកើតឡើងនៅក្នុងពន្ធនាគារ ។
ពន្ធនាគារ មិនមែនជាទីដែលអប់រំ ណែនាំបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញដល់ទណ្ឌិតនោះទេ? ផ្ទុយទៅវិញ ចូលក្នុងគុក ពេលចេញក្រៅក្លាយជាចោរដដែលនោះ ឬមុនចូលគុកជាចោរឆក់ ពេលចេញមកវិញក្លាយជាចោរប្លន់…។ បើទោះជាយ៉ាងនេះក៏ដោយ មិនទាន់ឃើញមានប្រធានពន្ធនាគារណាម្នាក់ត្រូវបានដាក់ទោសទណ្ឌចំពោះបទល្មើស ដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះឡើយ ។ និយាយតាមត្រង់ទៅ រឿងពន្ធនាគារនេះ ក៏ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿលើការដឹកនាំរបស់រាជរដ្ឋាភិបាលដែរ ៕ នួន នរិន្ទ្រន៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print