ភ្នំពេញ៖ ទីបំផុតតារាសម្តែងស្រីសាច់ខ្ចីគួរឲ្យខ្នាញ់ កញ្ញា គង់ ចាន់ស្រីមុំ គ្រោងដឹកដៃគូស្នេហ៍ លោក គឺម សីហាចូលរោងការនៅថ្ងៃទី១៤ខែមិនានេះហើយ។ តារាស្រី និងតារាប្រុសដែលល្បីខាងមុខជំនួញជាច្រើនមុខទាំងពីរនាក់គ្រោងត្រៀមថវិកាប្រមាណជាង១០ម៉ឺុនដុល្លារដើម្បីរៀបចំពិធីមង្គលការមួយដ៏ហ៊ឹកហ៊ាក់របស់ពួកគេ។
ក្រោយពីប្រកាសទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរជិតមួយទសវត្សរ៍មក គឹម សីហា និងគង់ ច័ន្ទស្រីមុំបានរួមគ្នាបោះទុនបើកមុខជំនួញជាច្រើនដូចជាបើកដំណើរការហាងលក់សំលៀកបំពាក់ នាំចូលទឹកអប់ម៉ាកផ្ទាល់ខ្លួន បើកដំណើរការភោជនីយដ្ឋានជាដើម។ ទោះបីជាកន្លងមកលេចលឺដំណឹងថាមានបុរសមានលុយកាក់ច្រើនព្យាយាមយកលុយទិញទឹកចិត្តគង់ ចាន់ស្រីមុំឲ្យបោះបង់ គឺម សីហាក្តីក៏ពួកគេអាច រក្សាចំណងស្នេហ៍បានរយៈពេល៩ឆ្នាំមកហើយ ហើយទីបំផុតពួកគេអាចសម្រេចក្តីសុបិន្តក្នុងការចូលរោងការដែរ។ រូបថតមុនពេលការជាច្រើនសន្លឹករបស់តារាស្រស់សោភា និងកំឡោះសង្ហាមួយគូនេះបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ច្រើនអ្វីដែលពួកគេត្រៀមនោះគឺការរៀបការដ៏លេចធ្លោរមួយបើធៀបនឹងមង្គលការអ្នកសិល្បៈដទៃ។
តារាសម្តែង គង់ ចាន់ស្រីមុំបញ្ជាក់ថា នាងបានចំណាយពេលតែមួយខែប៉ុណោះដើម្បីរៀបចំមង្គលការនេះ ព្រោះពីដំបូងនាងមិនទាន់បានគិតគូរពីការរៀបការហ្នឹងទេប៉ុន្តែចាស់ទុំទាំងសងខាងបានទៅគន់គូររកវេលា ហើយក៏មានតែថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៦ នេះមួយថ្ងៃគត់ដែលល្អទើបមិនត្រូវរងចាំទៀត។ ប្រសិនបើអូសបន្លាយនឹងត្រូវចំណាយពេលយ៉ាងតិចពី៤ទៅ៥ឆ្នាំទៀតទើបមានថ្ងៃល្អ។ តារាស្រីវ័យ ២៦ ឆ្នាំបានបញ្ជាក់បន្ថែមថា នាងនិងអនាគតស្វាមីគ្រោងចំណាយប្រមាណជាង១០ម៉ឺុនដុល្លារសម្រាប់ពិធីមង្គលការនាងបើទោះបីជាពិធីមង្គលការនេះមានតែរយៈពេលមួយថ្ងៃក្តី។ នាងបន្តថា ពិធីក្រុងពាលី និងសូត្រមន្តធ្វើឡើងនៅព្រឹកថ្ងៃទី ១៤ នោះតែម្ដងដោយគ្មានពិធីហែរជំនួន ប៉ុន្តែបានរៀបចំរួចទុកជាស្រេច។ ដោយឡែកពិធីបំពាក់ចិញ្ចៀន និងពិធីផ្សេងៗដទៃទៀត ធ្វើឡើងជាធម្មតា។ នាងថាការចំណាយខ្ពស់ទៅលើសម្ភារៈតុបតែង ពិសេសគឺពិធីទទួលភ្ញៀវនឹងអាហារត្រូវបានធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ សូហ្វីតែល ភ្នំពេញ ភូគីត្រា ហើយបានរៀបចំកាដូយ៉ាងពិសេសដោយផ្ទាល់ដៃសម្រាប់ទុកជូនភ្ញៀវថែមទៀតផង។ នាងបន្តទៀតថា ការចំណាយទៅលើការៀបចំពិធីការ សម្អាងការ ជាងថតរូបជំនាញ ថ្លៃអាហារ និងកាដូសម្រាប់ភ្ញៀវរាប់រយនាក់នោះគឺជាការរៀបចំពិសេសដោយនាងនិងអនាគតស្វាមីផ្ទាល់ហើយការចំណាយទាំងនេះមិនបូកបញ្ចូលតម្លៃចិញ្ជៀនពេជ្រតម្លៃជាង១០ម៉ឺុនដុល្លារដែល គឹម សីហាទិញជូនកាលពីថ្មីៗនេះទេ។ នាងរំពឹងថា ស្នេហារបស់នាងនឹងបន្តស្ថិតស្ថេរយូរអង្វែងព្រោះតែការស្វែងយល់ចិត្តគ្នាជាច្រើនឆ្នាំដែលអាចឲ្យនាងនិងស្វាមីយល់ច្បាស់ពីគ្នាកាន់តែខ្លាំង៕ វឌ្ឍនា