ឥណ្ឌូនេស៊ី៖ លិចទូកស្លាប់៧នាក់ដោយសារតែអ្នកដំណើរនាំគ្នាថតរូបសែលហ្វុី

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា មានមនុស្ស៧នាក់ស្លាប់ ពេលទូកដឹកលើសចំណុះបានក្រឡាប់លិច នៅក្នុងបឹង ស្ថិតនៅកោះជ្វាប្រទេសឥណ្ឌូនេស៊ី ដោយសារតែអ្នកដំណើរនាំគ្នាថតរូបសែលហ្វុី ធ្វើឲ្យទូកផ្អៀងមួយចំហៀងលិចតែម្តង។
នៅថ្ងៃទី១៦ខែឧសភា ស្នងការប៉ូលិសខេត្តភាគកណ្តាលកោះជ្វា លោក Ahmad Lutfi បានឱ្យដឹង ពីការលិចទូកនៅថ្ងៃទី១៥ខែឧសភា ស្ថិតនៅស្រុក Boyolali ក្នុងខេត្តនេះ ក្រោយពេលអ្នកដំណើរ២០នាក់នាំគ្នាទៅមួយចំហៀងទូកដើម្បីថតរូបសែលហ្វីុ។ ទូកដែលជួបគ្រោះថ្នាក់ គឺដឹកមនុស្សលើសចំនួន ប៉ុន្តែមិនបញ្ជាក់ថាទូកខាងលើអាចដឹកអ្នកដំណើរបានប៉ុន្មាននាក់នោះឡើយ។
កម្លាំងប៉ូលិសឥណ្ឌូនេស៊ីបានឱ្យដឹងថា មានមនុស្ស១១នាក់ត្រូវបានជួយសង្គ្រោះបញ្ជូនទៅកាន់ឆ្នេរដោយសុវត្ថិភាព និងស្លាប់៧នាក់ ហើយនៅមាន២នាក់បាត់ខ្លួននៅឡើយទេ ។
លោក Ahmad Lutfi បានឱ្យដឹងថា ទូកដែលជួបគ្រោះថ្នាក់គឺបើកបរដោយកុមារអាយុ១៣ឆ្នាំ ។ មន្ត្រីក្នុងតំបន់កំពុងតែបើកការស្រាវជ្រាវ ករណីខាងលើ ហើយម្ចាស់ទូកជូបគ្រោះថ្នាក់អាចត្រូវទទួលខុសត្រូវដែលឲ្យកុមារអាយុ១៣ឆ្នាំជាអ្នកបើក។
គ្រោះថ្នាក់លិចទូកតែងតែកើតឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយសារតែការគ្រប់គ្រងមិនបានល្អ ។ កាលពីខែមេសា ក្រុមជួយសង្គ្រោះបានខិតខំ ស្វែងរកមនុស្ស១៧នាក់ក្នុងហេតុការណ៍លិចទូក ដោយបានរកឃើញសពតែ៣នាក់ប៉ុណ្ណោះ។ ហេតុការណ៍គ្រោះថ្នាក់កើតឡើងដោយទូកពីរគ្រឿងបុកគ្នា៕ ដោយ៖ធីរីណា

...


រូបភាព៖AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print