សាហាវណាស់រំលោភរួចសម្លាប់នារីម្នាក់ បោះសពចោលក្នុងត្រពាំង កម្លាំងនគរបាល ស្រាវជ្រាវតាមចាប់ជនដៃដល់ទាល់តែបាន

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ជនសង្ស័យម្នាក់ បានចាប់រំលោភសេពសន្ថវ:រួចសម្លាប់នារីរងគ្រោះម្នាក់ យកសពទៅបោះចូលក្នុងត្រពាំងដើម្បីបំបិទដានតែត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវតាមចាប់ខ្លួនទាល់តែបាន។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានភ្លាម លោកបានដឹកនាំកម្លាំងផែននគរបាលព្រហ្មទណ្ឌ និងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកចុងកាល់ ចុះចាប់ឃាត់ខ្លួនជនសង្ស័យបានភ្លាមផងដែរ។
លោកស្នងការនគរបាលខេត្តបន្តថា កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៧:៤០នាទី មានប្រជាពលរដ្ឋរាយការណ៍មកថាពួក បានប្រទះឃើញសាកសពមនុស្សស្រីម្នាក់អណ្តែតទឹក នៅចំណុចត្រពាំងតាឌួង ចម្ងាយ ១៥០០ម៉ែត្រ ខាងលិចភូមិរលំវែង ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកបានដឹកនាំកម្លាំងជំនាញផែនព្រហ្មទណ្ឌ ចុះទៅស្រាវជ្រាវសាវតាសព ទើបដឹងថាជនរងគ្រោះមានឈ្មោះ ងួយ សុណី អាយុ១៧ឆ្នាំ មុខរបរកសិកររស់នៅភូមិ-ឃុំខាងលើ ។
ក្រុមគ្រួសារជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កាលពី វេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ក្មេងស្រីរងគ្រោះ បានជិះកង់ទៅបេះព្រីងទុំនៅចំណុចខាងលើ លុះដល់ពេលល្ងាចពុំឃើញកូនត្រឡប់មកផ្ទះវិញទេ ទើបនាំគ្នារាយការណ៍ប្រាប់មេភូមិ និងអ្នកជិតខាងឲឲជួយរកតែរកមិនឃើញ។ លុះមកដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៧និង៤០នាទី ទើបប្រជាពលរដ្ឋប្រទះឃើញសពជនរងគ្រោះអណ្តែតទឹកក៏ភ្ញាក់ផ្អើលតែម្តង។

លោកស្នងការបានបញ្ជាក់ថាបន្ទាប់ពីក្រុមជំនាញបានធ្វើកោសល្យវិច័យ និងស្រាវជ្រាវស៊ើបអង្កេតករណីនេះយ៉ាងល្អិតល្អន់ ទើបសមត្ថកិច្ចបានកំណត់បានមុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អឿម សារី (ហៅស៊្រី) អាយុ២៣ឆ្នាំ រស់នៅភូមិជាមួយគ្នាថាជាជនដៃដល់។
ក្រោយធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភ និងសម្លាប់នារីរងគ្រោះប្រាកដមែន។ក្រោយរំលោភរួចខ្លួនគេបានយកសាកសពទៅបោះចោលក្នុងត្រពាំងដែលមានព្រៃស្តុក រីឯកង់របស់ជនរងគ្រោះ យកទៅទម្លាក់ចូលក្នុងអូរចម្ងាយពីកន្លែងកើតហេតុប្រហែល ២០០ម៉ែត្រ។
ទទួលបានចម្លើយខាងលើបែបនេះ កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ អនុវត្តតាមច្បាប់នៅថ្ងៃទី១៨ខែឧសភានេះហើយ៕

...


ដោយ÷សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print