ចុងឆ្នាំ២០២១នេះ!​ ឥណ្ឌា​ ប្រកាសថា៖ នឹងផ្គត់ផ្គង់វ៉ាក់សាំងដល់កម្មវិធី COVAX ឡើងវិញ

ចែករំលែក៖

អន្តរជាតិ​៖ បើតាមវិទ្យាស្ថានសេរឹមនៃប្រទេសឥណ្ឌា (Serum Institute of India ឬ SII) ដែលជាអ្នកផលិតវ៉ាក់សាំងធំជាងគេបំផុតលើលោក នៅថ្ងៃអង្គារទី១៨​ ខែឧសភា​ម្សិលមិញនេះ​ បានប្រកាសថា៖ ចាប់ពីចុងឆ្នាំ២០២១នេះ​ ខ្លួននឹងចាប់ផ្តើមផ្គត់ផ្គង់វ៉ាក់សាំង ទៅដល់កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX ឡើងវិញ។

បើតាមទីភ្នាក់ងារសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១​នេះ​ បានដកស្រង់ចេញផ្សាយពី​វិទ្យាស្ថានសេរឹម បានបញ្ជាក់ថា​ កន្លងមកនេះ SII បានទទួលបន្ទុកផលិតវ៉ាក់សាំង ដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស បានចំនួនរាប់រយលានដូសរួចទៅហើយ ខណៈប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍជាច្រើនបានពឹងផ្អែកជាចម្បង លើវ៉ាក់សាំងរបស់ក្រុមហ៊ុននេះ ដើម្បីផ្គត់ផ្គង់ដល់កម្មវិធីចាក់វ៉ាក់បង្ការ COVID-19 នៅក្នុងប្រទេសរៀងៗខ្លួន។

រដ្ឋាភិបាលឥណ្ឌា​ បានសម្រេចផ្អាកការផ្គត់ផ្គង់ វ៉ាក់សាំងបង្ការ COVID-19 ផលិតដោយ SII ទៅកាន់កម្មវិធី COVAX ជាបណ្តោះអាសន្ន ក្រោយប្រទេសនេះចាប់ផ្តើមរងការវាយលុក ដោយរលកទី ៣ នៃជំងឺ COVID-19 កាលពីចុងខែមីនា និងកាន់ធ្ងន់ធ្ងរបំផុតនៅអំឡុងខែមេសា និងដើមខែឧសភានេះ។ យ៉ាងណាក៏ដោយ ឥណ្ឌាបាននាំចេញវ៉ាក់សាំងជាង ២០០លានដូសរួចទៅហើយទៅកាន់អន្តរជាតិ។

គួរបញ្ជាក់ថា​ ប្រទេស​ឥណ្ឌា​ គិតត្រឹមថ្ងៃទី១៧ ខែឧសភាថ្មីៗ​នេះ​​ ទើបតែសម្រេចបានការចាក់វ៉ាក់សាំង ១៨៤លានដូសប៉ុណ្ណោះ ដោយក្នុងនោះប្រជាជនជាង ៤០លាននាក់បានចាក់គ្រប់ដូស ដែលស្មើនឹង ៣% នៃចំនួនប្រជាជនសរុប។ ខណៈ​ប្រជាជន​ឥណ្ឌា​ ដែលមានប្រជាជនសរុបជាង ១,៣០០លាននាក់ បាននិងកំពុងបង្កើនល្បឿន នៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ចំពោះមុខការរិះគន់អំពីភាពយឺតយ៉ាវផងដែរ៕ដោយ​៖ស​ តារា​

...

ប្រភព​៖The New York Times

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print