ភ្នំពេញ៖ ស្ត្រីជនជាតិស្បែកខ្មៅម្នាក់ ព្រោះតែមានជំងឺធ្ងន់ធ្ងរ ហើយត្រូវបានសាច់ញាតិដឹកទៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែដោយសារតែស្ថានភាពជំងឺធ្វើទុក្ខខ្លាំង រហូតស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបានពាក់កណ្តាលផ្លូវ។ ភ្លាមនោះ ក្រុមគ្រួសារក៏សម្រេចចិត្តដឹកសពស្រ្តីរូបនេះ មកតម្កល់នៅវត្តញាណរង្សី ប៉ុន្តែត្រូវបានគណៈកម្មការវត្តមិនឲ្យចូលនោះទេ ព្រោះគ្មានលិខិតអនុញ្ញាតចេញពីមន្ទីរទេព្យថាការស្លាប់នេះ មូលហេតុអ្វី? ខណៈបច្ចុប្បន្ននេះ គេខ្លាចសពមានផ្ទុកជំងឺកូវីដ-១៩ផងដែរ។
ហេតុការណ៍ខាងលេីនេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅចំណុចមុខវត្តញាណរង្សី ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។
សពស្ត្រីស្បែកខ្មៅខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះសមត្ថកិច្ចមិនទាន់ហ៊ានពិនិត្យ និងបំភ្លឺពីសាច់ញាតិនៅឡើយទេ ដោយរង់ចាំក្រុមគ្រូពេទ្យមកយកសំណាកធ្វើតេស្តសិន ទើបសម្រេចជាក្រោយ។
បេីតាមប្រភពព័ត៌មានពីបុរសជនជាតិខ្មែរម្នាក់ ដែលគាត់ចេះនិយាយភាសាបរទេស សុំមិនប្រាប់ឈ្មោះ បានឲ្យដឹងថា តាមសម្តីក្រុមបុរសជនជាតិស្បែកខ្មៅ ត្រូវជាមិត្តភ័ក្តិស្រ្តីរងគ្រោះ បាននិយាយរៀបរាប់ប្រាប់គាត់ថា មុនពេលកើតហេតុ គឺស្ត្រីជនជាតិស្បែកខ្មៅរូបនោះនៅមានជីវិតនៅឡើយទេ តែដោយសារតែជំងឺធ្វើទុក្ខខ្លាំង គាត់ក៏ដឹកនារីខាងលើចេញពីផ្ទះនៅក្នុងបុរីពិភពថ្មីទួលសង្កែ តាមរថយន្តកូរ៉ូឡាមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2B-5314 ទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះ ប៉ុន្តែក្រុមបុរសជនជាតិស្បែកខ្មៅនោះ មិនបានប្រាប់ពីអាការៈជំងឺនារីរូបនោះឡើយ។
បុរសរូបនេះ បន្តថា ខណៈដែលពួកគាត់ដឹកស្ត្រីរងគ្រោះបំណងទៅមន្ទីរពេទ្យបានពាក់កណ្តាលផ្លូវ ស្រាប់តែស្ត្រីរូបនោះក៏ដាច់ខ្យល់ស្លាប់បាត់ទៅហេីយ។ ភ្លាមនោះមិនដឹងធ្វេីម៉េច ទើបពួកគាត់ក៏ដឹកសពស្ត្រីរងគ្រោះត្រឡប់មកផ្ទះវិញ ហើយក៏បានជួបគាត់ចេះនិយាយភាសាបរទេស និងជាអ្នកស្នាក់នៅក្នុងបុរីជាមួយគ្នា ក៏បានពឹងគាត់ឲ្យជួយរកវត្តដេីម្បីតម្កល់សព និងរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យពួកគាត់ផង។
បន្ទាប់មកដោយមេីលឃេីញពីក្តីអាណិត គាត់ក៏ជូនសពស្ត្រីខាងលើ មកតម្កល់នៅវត្តញាណរង្សី ដែលនៅជិតនឹងបុរីពួកគេស្នាក់នៅ ប៉ុន្តែព្រះសង្ឃមិនបានបើកទ្វារអោយចូលនោះទេ ព្រោះស.ពគ្មានលិខិតស្នាមត្រឹមត្រូវ និងខ្លាចឆ្លងជំងឺកូវីដ-១៩ផងនោះ ទើបមិនអនុញ្ញាតឲ្យចូលក្នុងវត្តទេ។ ក្រោយមកបុរសជនជាតិខ្មែររូបនេះ គាត់ក៏រត់ទៅប្តឹងសមត្ថកិច្ចមូលដ្ឋាន ដើម្បីរាយការណ៍ពីហេតុការណ៍ដែលបានកើតឡើងតាមការពឹងពាក់របស់ក្រុមសាច់ញាតិស.ពស្ត្រីខាងលើ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានទទួលព័ត៌មានថា៖ មានករណីមនុស្សស្លាប់ ក៏បានដឹកនាំកម្លាំងចុះមកដល់កន្លែងកើតហេតុ បង្កេីតគណៈកម្មាការត្រួតពិនិត្យលេីសព ព្រោះខ្លាចសពស្ត្រីរងគ្រោះមានផ្ទុកជំងឺកូវីដ-១៩ និងស្រាវជ្រាវរកសាច់ញាតិមកឆ្លេីយបំភ្លឺ ។ មិនតែប៉ុណ្ណោះ សមត្ថកិច្ចបានឃាត់ក្រុមបុរសស្បែកខ្មៅទាំងនោះ ដែលបានប៉ះពាល់ផ្ទាល់ជាមួយសពស្ត្រីរងគ្រោះមិនឲ្យទៅណា ដើម្បីធានាសុវត្ថិភាពទាំងអស់គ្នា ហើយបានដឹកសពជនរងគ្រោះត្រឡប់ទៅផ្ទះកេីតហេតុវិញសិន ដើម្បីឲ្យខាងក្រុមគ្រូពេទ្យចុះទៅយកសំណាកសព ចេញលទ្ធផលមានជំងឺកូវីដ១៩ ឬអត់ ទេីបសមត្ថកិច្ចសម្រេចជាថ្មី៕ដោយ៖សហការី