អាជ្ញាធរ​ថៃ៖​ បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មីៗ ជាង​ ៣ពាន់នាក់​ ខណៈ​អ្នក​ជំងឺ​កូវីដ​ចំនួន​ ២៩នាក់ទៀតបានស្លាប់

ចែករំលែក៖

អន្តរជាតិ​៖ បើយោងតាមការបញ្ជាក់ពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 ប្រទេសថៃ (CCSA) នៅថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១នេះថា គិត​ត្រឹម​រយៈពេល ២៤ម៉ោងប៉ុណ្ណោះ​ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,៣៩៤ករណី និងអ្នកស្លាប់ថ្មីៗចំនួន ២៩នាក់ទៀត។

ជាក់ស្ដែង​បើយោងតាមទីភ្នាក់ងារសារព័ត៌មានថៃ The Nation​បានដកស្រង់ចេញផ្សាយពី​មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់​ប្រទេស​ថៃ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៣,៣៧៧ករណី ជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន៖ ៨៧៦ករណី ត្រូវបានរកឃើញនៅទីក្រុងបាងកក, ១៥៣ករណីនៅខេត្តសាមុត ប្រាកាណ, ១៣០ករណីនៅខេត្តណុនថាបុរី, និង ១១៩ករណីនៅខេត្តផាធមថានី ខណៈករណីដែលនៅសេសសល់ ត្រូវបានរកឃើញនៅតាមបណ្ដាខេត្តផ្សេងៗទៀត។ ចំណែកឯ ២៩ករណីផ្សេងទៀត ជាករណីនាំចូលពីបរទេស។

បន្ថែមពីនេះ​ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 បានគូសបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកស្លាប់ថ្មីៗខាងលើ មាន ១៤នាក់នៅទីក្រុងបាងកក, ០៥នាក់នៅខេត្តសាមុត ប្រាកាន, ០២នាក់នៅខេត្តផាធម ថានី, ម្នាក់នៅខេត្ត Chachoengsao, ម្នាក់នៅខេត្ត Lamphun, ម្នាក់នៅខេត្ត Chonburi, ម្នាក់នៅខេត្ត Saraburi, ម្នាក់នៅខេត្ត Nakhon Pathom, ម្នាក់នៅខេត្ត Kamphaeng Phet, ម្នាក់នៅខេត្ត Nong Khai និងម្នាក់ទៀតនៅខេត្ត Nonthaburi។ ពួកគេមានអាយុចន្លោះពី ៤២-៩២ឆ្នាំ ហើយពួកគេត្រូវបានគេរាយការណ៍ថា សុទ្ធតែជាអ្នកមានជំងឺរ៉ាំរ៉ៃប្រចាំកាយ ដូចជាជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺធាត់ជាដើម។

បេីគិតត្រឹមថ្ងៃពុធទី១៩​ ឧសភា​នេះ ប្រទេសថៃ​ បានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១១៦,៩៤៩ករណី ក្នុងនោះមានអ្នកស្លាប់ ៦៧៨នាក់ និងអ្នកជាសះស្បើយ ៧៤,៣៦៨នាក់។

គួរជម្រាបថា​ សម្រាប់ដូសដំបូងនៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ​ ប្រជាជនថៃ​ សរុបចំនួន ៦៤,៧៣៩នាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19។ ខណៈចំនួន​មនុស្ស​៣៩,៩១១នាក់ទៀត បានទទួលការចាក់វ៉ាក់សាំងសម្រាប់ដូសទី២ ដែលនាំឱ្យចំនួនវ៉ាក់សាំងសរុប ដែលត្រូវបានចាក់នៅទូទាំងប្រទេសថៃ កើនឡើងដល់ ២,៤៤៥,៦៤៥ដូស៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print