ចាប់ពីថ្ងៃនេះតទៅ! មជ្ឈមណ្ឌលក្រុមប្រឹក្សាធុរកិច្ចកម្ពុជា ប្រកាសដាក់ឲ្យដំណើរផ្លូវការហើយ

ចែករំលែក៖

ភ្នំពេញ​៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ​ មជ្ឈមណ្ឌលក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBC) ដែលមាននាទីក្នុងការជួយសម្របសម្រួលដល់ការដោះដូរពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសកម្ពុជា និងថៃ ត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការហើយ។

ជាក់ស្ដែង​នៅក្នុងកិច្ចប្រជុំវិសាមញ្ញលើកដំបូង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ លោក អ៊ូក សោភ័ណ​ បានចាត់ទុក វត្តមានមជ្ឈមណ្ឌលក្រុមប្រឹក្សាធុរកិច្ចកម្ពុជា គឺជាការបើកទំព័រសករាជថ្មីសម្រាប់ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ថៃ ក្រោយវិបត្តិជំងឺកូវីដ១៩ ដែលបានបំផ្លិចបំផ្លាញកំណើនសេដ្ឋកិច្ចប្រទេសទាំងពីររយៈពេលជាង ១ឆ្នាំកន្លងមកនេះ។

នាឱកាសនោះដែរ លោក អ៊ូក សោភ័ណ​ បានជម្រាបពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការទប់ទល់វិបត្តិជំងឺកូវីដ១៩ សំដៅកសាងភាពធន់នៃសេដ្ឋកិច្ចឡើងវិញ តាមរយៈការដាក់ចេញយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ការបង្កើត និងចូលរួមប្លុកពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ដើម្បីធ្វើពិពិធកម្មទីផ្សារនាំចេញ ព្រមទាំងការធ្វើវិសោធនកម្មច្បាប់វិនិយោគ និងកំណែទម្រង់ផ្សេងៗ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនៅក្នុងប្រទេស។

ចំពោះ​វត្តមានក្រុមប្រឹក្សាធុរកិច្ចកម្ពុជា មានកាតព្វកិច្ចចូលរួមជំរុញផ្សព្វផ្សាយសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ព្រមទាំងផ្លាស់ប្តូរព័ត៌មាន និងចំណេះដឹងផ្សេងៗរវាងសមាជិក រាប់តាំងពីការធ្វើអាជីវកម្ម ការលើកកម្ពស់គុណភាពទំនិញ-សេវាកម្ម ការជំរុញផលិតកម្ម និងផ្គត់ផ្គង់ទីផ្សារ ព្រមទាំងការសម្របសម្រួល និងចរចាជាមួយស្ថាប័នរដ្ឋទាំងក្នុងប្រទេសថៃ និងកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗរបស់សមាជិក។

ដោយឡែក​បេីយោងតាមទិន្នន័យរបស់នាយកដ្ឋានចចារពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ ក៏បានឲ្យដឹងដែរថា ការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ក្នុងឆ្នាំ២០២០កន្លងទៅ មានតម្លៃ ៧,៥ពាន់លានដុល្លារអាម៉េរិក ធ្លាក់ចុះ ២៣% ធៀបនឹងឆ្នាំ២០១៩ ដែលមានទឹកប្រាក់ ៩,៤ពាន់លានដុល្លារ។ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅថៃ មានតម្លៃ ១,១៥ពាន់លានដុល្លារ។ ចំណែក​ ការនាំចូលពីថៃ មកកម្ពុជា មានតម្លៃ ៦,១ពាន់លានដុល្លារ។

គួរជម្រាបដែរថា​ មុខទំនិញដែលកម្ពុជានាំចេញទៅទីផ្សារថៃ ភាគច្រើនជាផលិតផលកសិកម្ម ខណៈផលិតផលនាំចូលពីថៃ មានដូចជា រថយន្ត ប្រេងឥន្ធនៈ ជីកសិកម្ម ផលិតផលចំណីអាហារ និងគ្រឿងថែសម្រស់ជាដើម៕ដោយ​៖សហការី​

...

រូបភាព៖ ឯកសារពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ការនាំចេញ-នាំចូល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print