《បិទបញ្ចប់ការលក់ដូរគ្រឿងឧបភោគបរិភោគដោយប្រើប្រាស់មធ្យោបាយចល័តរបស់រដ្ឋបាលខេត្ត ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ》

ចែករំលែក៖

ខេត្តព្រះសីហនុ, ដោយយោងតាមស្ថានភាពជាក់ស្តែង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមទីផ្សារមានសកម្មភាពឆ្លងរាលដាលលឿន មានទំហំធំ ហើយងាយឆ្លងបន្តចូលក្នុងសហគមន៍យ៉ាងឆាប់រហ័សធ្វើឱ្យមានការលំបាកគ្រប់គ្រងស្ថានការណ៍ និងងាយរងគ្រោះថ្នាក់ជាទីបំផុត ក្នុងនោះរដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបិទអាជីវកម្មលក់ដូរទាំងអស់នៅក្នុងក្រុងព្រះសីហនុ មានដូចជា ផ្សាររដ្ឋ ផ្សារឯកជន ផ្សារលក់ដូរប្រមូលផ្តុំ និងហាមឃាត់ការលក់ដូរនៅតាមទីសាធារណៈដែលគ្មានសុវត្ថិភាព និងគ្មានសណ្តាប់ធ្នាប់។

ជាមួយគ្នានោះដែរ ដើម្បីធានាដល់ការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងព្រះសីហនុជាបណ្តោះអាសន្ន រដ្ឋបាលខេត្ត បានរៀបចំជាផ្សាររៀបរយ និងបានសហការជាមួយវិស័យឯកជន ព្រមទាំងយុវជន អ.ម.ត ដោយប្រើប្រាស់មធ្យោបាយចល័តលក់ដូរគ្រឿងឧបភោគបរិភោគក្នុងតម្លៃសមរម្យ និងដឹកជញ្ជូនដល់គេហដ្ឋានប្រជាពលរដ្ឋដោយមិនគិតថ្លៃ ក្នុងកំឡុងពេលនៃការបិទខ្ទប់ក្រុងព្រះសីហនុនាពេលកន្លងមក។ គិតត្រឹមរយៈពេលចុងក្រោយនេះ រដ្ឋបាលខេត្តសង្កេតឃើញថា ការលក់ដូរគ្រឿងឧបភោគបរិភោគតាមមធ្យោបាយចល័តហាក់មិនសូវមានបងប្អូនមកទិញឡើយ ដូច្នេះរដ្ឋបាលខេត្ត សម្រេចបញ្ឈប់ការលក់ដូរគ្រឿងឧបភោគបរិភោគដោយប្រើប្រាស់មធ្យោបាយចល័តរបស់រដ្ឋបាលខេត្ត ចាប់ពីពេលនេះតទៅ។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត សូមលើកចិត្តឱ្យបងប្អូនអាជីវករលក់ដូរតាមលំនៅឋាន តាមផ្សារម៉ាត និងទីតាំងរៀបរយផ្សេងទៀត ដោយអនុវត្តតាមគោលការណ៍ណែនាំពីស្តង់ដារសុវត្ថិភាពដែលដាក់ចេញដោយរដ្ឋបាលខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print