ភ្នំពេញ៖ ជនជាតិចិនចំនួន ៣៨នាក់ ក្នុងនោះមានស្រី០៣នាក់ ដែលជាជនល្មើសខុស ច្បាប់នៅប្រទេសចិន ហើយចូលមកលួចលាក់រស់នៅក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធនឹងមុខសញ្ញាជំរិតទារប្រាក់ តាមប្រព័ន្ធអិនធើរណែតត្រូវបានបណ្ដេញចេញពីកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦នេះ ពួកគេ ត្រូវបានសមត្ថកិច្ចកម្ពុជា មាននគរបាលនៃនាយកដ្ឋានអន្តោប្រវេសន៍ និងនគរបាល នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ បានធ្វើការបញ្ចូនខ្លួនទៅកាន់ប្រទេសដើមរបស់ខ្លួនវិញ តាមជើងហោះហើររបស់ចិនឈ្មោះ China Southern នៅព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង។
សូមបញ្ជាក់ថា ការបញ្ចូនខ្លួនជនជាតិចិនប្រុសស្រីខុសច្បាប់ទាំង ៣៨នាក់នេះ ធ្វើឡើងដោយមានការ សហការចូលរួមពីសំណាក់ មន្ត្រីសមត្ថកិច្ច នៃប្រទេសចិន ជាង ១០០នាក់ ផងដែរ ក្នុងការមកទទួលយកជនទាំង ៣៨នាក់ទៅកាន់ប្រទេសខ្លួនវិញដែល ប្រព្រឹត្តិទៅក្នុងបរិវេណ នៃព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ។
គួររំលឹកថា ជនជាតិចិនខុសច្បាប់ទាំង ៣៨នាក់ ត្រូវបានសមត្ថកិច្ច នៃប្រទេសចិន សហការជាមួយ កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ ធ្វើការបង្ក្រាបឃាត់ខ្លួននៅចំណុចកាស៊ីណូ ហ្គោឌិន ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ កន្លងទៅ ។
មន្ត្រីសមត្ថកិច្ច នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុងបានបញ្ជាក់ថា មុនឈានដល់ការចុះបង្ក្រាប គឺកម្លាំង សមត្ថកិច្ចកម្ពុជា បានទទួលសំណើរពី សមត្ថកិច្ច នៃប្រទេសចិន ឲ្យជួយសហការជាមួយក្នុងការតាមចាប់ខ្លួនជន ល្មើសទាំង ៣៨នាក់នេះ ពាក់ព័ន្ធនឹងបទល្មើស ឆបោក តាមប្រព័ន្ធអិនធើរណែត ដោយខុសច្បាប់ ដែលពួកគេ មានដីការចាប់ខ្លួនពីតុលាការ នៃប្រទេសចិនរួចជា ស្រេចទៅហើយ៕ តុង សីហា