អាជ្ញាធរខេត្តមណ្ឌលគិរី បន្តនាំយកអំណោយសង្រ្គោះបន្ទាន់ ចែកជូនពលរដ្ឋខ្វះខាតចំនួន ៨០គ្រួសារ ដែលកំពុងជួបការលំបាកនៅស្រុកកែវសីមា

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋខ្វះខាតចំនួន ៨០គ្រួសារ នៅឃុំចំនួន ២ ក្នុងស្រុកកែវសីមា បានមកទទួលអំណោយជាគ្រឿងឧបភោគ-បរិភោគមួយចំនួន សម្រាប់ប្រើប្រាស់ និងហូបចុកប្រចាំថ្ងៃ ដែលជាការយកចិត្តទុកដាក់ពីសំណាក់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៃជំងឺកូវីដ១៩ ពិធីនេះប្រព្រឹត្តទៅនៅសាលាស្រុកកែវសីមា នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

លោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែគិតគូរយកចិត្តទុកដាក់ដល់ការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត កុមារកំព្រា ស្រ្តីមេម៉ាយ ជនពិការ និងជនចាស់ជរាគ្មានទីពឹង ជាក់ស្តែង ប្រជាពលរដ្ឋដែលកំពុងខ្វះខាតនាពេលនេះ ទទួលបានអំណោយសង្រ្គោះបន្ទាន់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ក្នុងការជួយដោះស្រាយដល់ជីវភាពរស់នៅបានមួយរយៈពេលផងដែរ។

លោកអភិបាលខេត្តបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំចិញ្ចឹមសត្វ និងដាំដុះដំណាំរួមផ្សំផ្សេងៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណា ឲ្យជីវភាពរស់នៅមានលក្ខណៈសមរម្យ បន្ថែមលើសនេះ លោកអភិបាលខេត្តបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានខ្ជប់ខ្ជួនលើវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។

តាមការបញ្ជាក់របស់លោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានឲ្យដឹងថា មិនមែនមានតែពលរដ្ឋចំនួន ៨០គ្រួសារនេះទេ ដែលទទួលបានអំណោយមនុស្សធម៌ពីរដ្ឋបាលខេត្តមណ្ឌលគិរី តាមតាមរយៈមន្ទីរសង្គមកិច្ច ក្នុងនោះផងដែរមន្ត្រីជំនាញ បានអនុវត្តការងារនេះជាប្រចាំ តួយ៉ាងគិតចាប់ពីឆ្នាំ២០២០ ស្ត្រីមានផ្ទៃពោះនិងកុមារក្រោមអាយុ២ឆ្នាំ មានជីវភាពលំបាកបានទទួលការឧបត្ថមរៀងរាល់ខែ សរុបថវិកាប្រមាណជាង៣០០លានរៀលហើយគិតត្រឹមពេលនេះ ចំណែកគ្រួសារក្រីក្រជាង៥ពាន់គ្រួសារ ដែលទទួលបានប័ណ្ឌសមធម៌ក៏ទទួលបានថវិកាជាប្រចាំផងដែរ សរុបថវិកាប្រមាណជាង៩ពាន់លានរៀលគិតត្រឹមបច្ចុប្បន្ន៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print