ខេត្តបាត់ដំបង ៖ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងនគរបាលក្នុងអង្គភាពសហការជាមួយកម្លាំងនគរបាលអន្តរាគមន៍ បង្ការបង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះបង្ក្រាបករណីជួញដូរ ចែកចាយ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្ដែង ។
ក្នុងកិច្ចប្រតិបត្តិការនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២២និង០៥នាទី នៅចំនុចភូមិ ព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយ
អនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ផងដែរ។
សមត្ថកិច្ចបានបានឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបគ្រឿងញៀននេះ សមត្ថកិចចម្រុះបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១.ឈ្មោះ មាស មាឡៃ ហៅ ថា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិដាក់សសរ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង២.ឈ្មោះ ម៉ៅ វុធ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ។
ចំណែកវត្ថុតាងដកហូតរួមមាន ៖ -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE) ចំនួន០១ថង់ធំ , ថ្នាំគ្រាប់ពណ៌ទឹកក្រូចរាងមូលសំប៉ែត (យ៉ាម៉ា WY) ចំនួន ២០៣គ្រាប់ និងពណ៌បៃតង ចំនួន ០២គ្រាប់ ទម្ងន់ ២១.២៣ក្រាម (ទាំងសំបក)។ -ទូរសព្ទដៃ ចំនួន ០២គ្រឿង និងដែកកេះចំនួន ០៣, -ម៉ូតូ ០១គ្រឿង ម៉ាកហុងដាទ្រីម ពណ៌ក្រហម សេ១២៥ ស៊េរីឆ្នាំ២០២១ លេខតួលេខម៉ាស៊ីន ND125ME-5921629 គ្មានស្លាកលេខ ។
ករណីនេះ កម្លាំងនគរបាលស្រុកបានបញ្ជូនជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាងមកកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តបន្តតាមផ្ផ្លូវច្បាប់៕