កសិករ​ដាំកៅស៊ូនៅខេត្តប៉ៃលិន​ ត្រេកអរ​ខ្លាំង​ក្នុងការប្រមូល​ផល​ជ័រកៅស៊ូ លក់​ឲ្យ​ឈ្មួញ​បាន​តម្លៃ​ខ្ពស់​​

ចែករំលែក៖

ខេត្ត​ប៉ៃលិន៖ ប្រជាកសិករ​ដាំដំណាំ​នៅខេត្តប៉ៃលិន​ បេីទោះបីជា​ដំណាំ​កសិផល​មួយ​ចំនួន​​មានការ​ធ្លាក់​តម្លៃ​ចុះ​ទាប ដូច​ជា​ដំណាំ​ស្វាយកែវ​រមៀត​ជាដើម។ ប៉ុន្តែ​ចំពោះ​ដំណាំ​ក​សិ​ឧស្សាហ​កម្ម កៅស៊ូ​វិញ មានការ​ហាក់ឡើងថ្លៃ​ខ្ពស់​បន្តិច ខណៈ​ដែល​កសិករ​ទាំងនោះកំពុង​តែ​នាំ​គ្នា​ប្រមូល​ផល​ជ័រកៅស៊ូយ៉ាងប្រញាប់​ និងសប្បាយរីករាយ ថ្លឹង​លក់​ឲ្យ​​ឈ្មួញ​ ដោយ​អ្នកខ្លះ​ដាំដំណាំ​នេះបាន​ជាង​១០​ឆ្នាំមកហើយ​។

សូុមជម្រាបថា​ ​តម្លៃ​ទីផ្សារ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ មានការ​ឡើង​ចុះ​ៗ​ក៏ដោយ ពួក​គាត់នៅ​តែបន្ត​ខិតខំ​ប្រឹងប្រែង​ថែទាំ​ដើម​កៅស៊ូ ដោយ​បោចស្មៅ ដាក់​ជី មិន​កាប់​ដើម​ចោល​ទៅ​ដាំ​ដំណាំ​ផ្សេង​ទៀត​នោះ​ទេ។ ពីព្រោះ​ពួក​គាត់​គិត​ថា ការដាំ​រួច​កាប់​ចោលទៅ​ដំណាំ​ផ្សេង​គឺ​ខាត​ពេលវេលា​អត់ប្រយោជន៍ ។

បើ​តាម​កសិករ​ម្នាក់​ឈ្មោះ ហុ​ន ណា​រៀប ភេទ​ស្រី អាយុ​៤២​ឆ្នាំ បានលើក​ឡើង​ពី​ថា ៖ គាត់​បាន​ដាំ​ដំណាំ​កសិឧស្សាហកម្ម​កៅស៊ូ​នេះ ជាង​៣០០០​ដើម នៅ​លើ​ដីចំការ​៦​ហិ​កតា ដោយ​ដាំ​បាន​រយ​:​ពេល​១៤​ឆ្នាំ​មក​ហើយ​ក៏​បាន​ប្រមូល​ផល​ជៀរ​ជ័រ​លក់​បាន​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ។

កសិកររូបនេះ​ បន្តថា ដំណាំ​មួយ​នេះ​មិន​លំបាក​ដាំ និង​ថែទាំ​ប៉ុន្មាន​នោះ​ទេ ដោយ​គាត់​ទិញ​ពូជ (​កូន​កៅស៊ូ​) មក​ពី​ខេត្តកំពង់ចាម មួយដើម ក្នុង​តម្លៃ​១​ដុល្លារ ដោយ​ក្រោយ​ពី​ដាំ និង​ថែទាំ​អស់​រយ​:​ពេល​៧​ឆ្នាំ ទើប​អាច​ជៀរ​ជ័រកៅស៊ូ លក់​ឱ្យ​ឈ្មួញ ដែល​មក​ពី​ខេត្តកំពង់ចាម​យក​ទៅ​លក់​បន្ត​នៅ​ប្រទេស​វៀតណាម ។

បន្ថែម​ពីនេះ​ លោកស្រី​ ហុ​ន ណា​រៀប បានបញ្ជាក់ទៀតថា​ គាត់​ក៏​បាន​ជួល​កម្មករ​ឱ្យ​ចូល​ធ្វើ​ការងារ​ក្នុង​ចំការ​គិត​ជា​ភាគរយ បន្ទាប់​ពី​លក់​ជ័រកៅស៊ូ​រួច​ត្រូវ​ចំណាយ​ឱ្យ​កម្មករ​៣៥% នៅ​សល់​៦៥% គឺជា​ថវិកា​សល់​សម្រាប់​ម្ចាស់​ចំការ ។ កាលពី​ឆ្នាំ​មុន តម្លៃ​ជ័រកៅស៊ូ​មានការ​ធ្លាក់​ចុះ​បន្តិច ដោយ​ឈ្មួញ​ទិញ​១​គី​ឡ​ក្រាម​តម្លៃ​ត្រឹមតែ​២៥០០ ទៅ​២៧០០​រៀល ដោយឡែក​នៅ​ឆ្នាំ​២០២១​នេះ ឈ្មួញ​ទិញ​១​គីឡូក្រាម​តម្លៃ​៣០០០​រៀល ។​ បន្ទាប់​​ពី​ប្រមូល​ផល​រួច នៅ​ពេល​នេះ​ថ្លឹង​បាន​ជាង​២​តោន ហើយ​គាត់​ក៏​បន្ត​ជួល​កម្មករ​ឱ្យ​ដើរ​ជៀរ ដើម្បី​បង្កក​លក់​ឱ្យ​ឈ្មួញ​ជា​បន្តបន្ទាប់​ទៀត​រហូត​ដល់​ដើម​កៅស៊ូ​មាន​ស្លឹក​ពណ៌​លឿង​ជ្រុះ​ស្លឹក​មួយ​ៗ​ទើប​សម្រាក ពោល គឺ​ក្នុង​១​រដូវ​គាត់​ប្រមូល​ផល​បាន​៥​ទៅ​៦​ដង ។

ដោយឡែក​កសិករម្នាក់ទៀត​គឺលោក ឡោ សុខ​ប៊​ន រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​រៀបរាប់​​ថា៖ រូប​គាត់​បាន​ដាំ ដំណាំ​កៅស៊ូ​ចំនួន​១២​ហិ​កតា ស្មើនឹង​ជាង​៦០០០​ដើម នៅ​លើ​ដីចម្ការ​របស់​ខ្លួន អស់​រយ​:​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ ក៏​បាន​ប្រមូល​ផល​លក់​ឱ្យ​ឈ្មួញ​ហូរហែ អស់​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ​ដែរ ។

លោក​ ឡោ សុខ​ប៊​ន​ បន្ថែម​ថា ជាក់​ស្ដែង​នៅ​ឆ្នាំ​២០២១​នេះ ដើម​កៅស៊ូ របស់​គាត់​ទទួល​រង​ការ​រលំ​បាក់​អស់​ជា​ច្រើន​ដើម ដោយសារ​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ ។ ប៉ុន្តែ​ទោះជាយ៉ាងណាគាត់នៅតែ​ប្រមូល​ផល​លក់​បាន​ជាង​២​តោន ដោយ​រៀង​រាល់​ឆ្នាំ ការ​ប្រមូល​ផល​ជ័រកៅស៊ូ ថ្លឹង​លក់​បាន​ទម្ងន់​ប្រហាក់ប្រហែល​គ្នា បើ​ពេល​ណា​មាន​ភ្លៀង​ធ្លាក់​ច្រើន គឺ​កៅស៊ូ​វ​សំបូរ​ទៅ​ដោយ​ជ័រ តែបើ​រាំង​ស្ងួត​ខ្លាំង អត់​សូវ​មាន​ជ័រ​ច្រើន​នោះ​ទេ ។

បន្ថែមពីនេះ​ ​លោក​ ក៏បានបញ្ជាក់​ដែរ​ថា ចាប់តាំងពី​ដាំ​រហូត​ដល់​អស់​ជ័រ គឺ​មាន​រយៈ​ពេល​យូរអង្វែង ប្រហែលជា​៤០​ទៅ​៥០​ឆ្នាំ ទើប​អស់​ជ័រ​អាច​នឹង​កាប់​ដើម​ចាស់​ចោល រួច​ដាំ​កូន​សារ​ថ្មីឡេីងវិញ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print