ភ្នំពេញ៖ បើយោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្ម ក្រៅប្រទេស ជប៉ុន (Jetro) បានបញ្ជាក់ថា ពាណិជ្ជកម្ម ទ្វេភាគី កម្ពុជា-ជប៉ុន សម្រាប់ត្រីមាសទី១ ក្នុងឆ្នាំ២០២១នេះ សម្រេចបានជាង ៦៣៣លានដុល្លារ ដែលចំនួននេះបានកើនឡើងជិត ៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០។
ទិន្នន័យពីអង្គការពាណិជ្ជកម្មខាងលេីនេះ បានបញ្ជាក់ទៀតថា ចាប់ពី ខែមករា ដល់ ខែមីនា ឆ្នាំ២០២១ ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា-ជប៉ុន មានតម្លៃសរុប ៦៣៣,១២ លានដុល្លារ កើន ៧,៨ ភាគរយ ធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០ ដែលមានតម្លៃ ៥៨៧,៤៦លានដុល្លារ។ ក្នុងនោះការនាំចេញពីកម្ពុជា មានតម្លៃ ៤៨៩,៦២លានដុល្លារ កើន ២,៩ ភាគរយ ពី ៤៧៥,៧៦ លានដុល្លារ និងការនាំ ចូលពីជប៉ុន មាន ១៤៣,៥ លានដុល្លារ កើនឡើង ២៨,៥ ភាគរយ ពី ចំនួន ១១១,៧១ លានដុល្លារ ។
សូមជម្រាបថា ចំពោះការមិនធ្លាក់ចុះទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ដោយសារតែភាពល្អប្រសើរ នៃទំនាក់ទំនងការទូត ភាពសម្បូរបែប នៃកម្លាំងពលកម្ម និងសមត្ថភាពផលិតរបស់ប្រទេស ទាំង២។ លេីសពីនេះទៅទៀតផលិតផល ដែលកម្ពុជា នាំទៅជប៉ុន មានដូចជា៖ សម្លៀកបំពាក់ គ្រឿង ផ្គុំអគ្គិសនី និង គ្រឿង ផ្គុំអេឡិចត្រូនិក ខណៈការនាំចូលពី ជប៉ុន មានដូចជា៖ គ្រឿងម៉ាស៊ីន និង ផលិតផល ប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២០ ពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ជប៉ុន មានតម្លៃ ២.១០១,៧៨ លានដុល្លារ ធ្លាក់ចុះ ៨,៣៥ ភាគរយ ធៀបឆ្នាំ ២០១៩ ក្នុងនោះការនាំចេញ មានតម្លៃ ១.៦១៧,០៨ លានដុល្លារ ធ្លាក់ចុះ ៦,៦ ភាគរយ និងនាំចូល មាន ៤៨៤,៧០ លានដុល្លារ ធ្លាក់ចុះ ១៣,៨ ភាគរយ៕ដោយ៖សហការី
រូបភាព៖ឯកសារ