ភ្នំពេញ៖ បើតាមការបញ្ជាក់ពីអគ្គនាយកនៃអគ្គនាយដ្ឋានពន្ធនាគារ លោក ឆែម សាវុធ បានថ្លែងប្រាប់សារព័ត៌មាននៅព្រឹកថ្ងៃពុធទី២៦ ខែឧសភា ឆ្នាំ២០២១នេះថា ករណីឆ្លងជំងឺកូវីដ-១៩ ទៅលើអ្នកជាប់ឃុំ និងមន្ត្រីពន្ធនាគារខេត្តកណ្តាល គឺមិនមានការរីករាលដាលខ្លាំងនោះទេនិង អាចគ្រប់គ្រងបាន។ លោក បន្ថែមថា៖ បច្ចុប្បន្ន“យើងកំពុងតែស្រាវបន្ថែមទៀត អត់មានបញ្ហាអ្វីទេ ការងារនេះយើងទប់បាន”។
គួរជម្រាបថា បន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ-១៩ ដល់អ្នកជាប់ឃុំ និងមន្ត្រីពន្ធនាគារក្នុងពន្ធនាគារសរុបជាង១០០នាក់នោះ រដ្ឋបាលខេត្តកណ្តាល បានសម្រេចបិទខ្ទប់តំបន់ជុំវិញពន្ធនាគារខេត្តកណ្តាល។ ចំណែកការព្យាបាល គឺតម្រូវឱ្យព្យាបាលនៅខាងក្នុងពន្ធនាគារតែម្តង ដោយមិនឱ្យយកអ្នកឆ្លងចេញមកព្យាបាលនៅក្រៅបានទេចៀសវាងការឆ្លងរាលដាលបន្ថែម។
ដោយឡែកជុំវិញបញ្ហានេះដែរ អភិបាលខេត្តកណ្តាល លោក គង់ សុភ័ណ្ឌ បានថ្លែងនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះថា ក្នុងស្ថានការណ៍នេះ គឺខាងខេត្តមានវិធានការគ្រប់គ្រងហើយ ទី១. សុវត្ថិភាពខាងក្រៅ, ទី២. សុវត្ថិភាព ខាងក្នុងរបស់មន្ត្រីមានសុខភាពល្អមាំមួន គឺកំពុងតែរៀបរយសណ្តាប់ធ្នាប់ និង ទី៣. អ្នកដែលជាប់ទោសការឆ្លងនេះមិន រីករាលដាលធំដុំទេដោយសារអគារដាច់ពីគ្នាហើយយើងគ្រប់គ្រងបានជាកង់ៗ។ ហេីយយើងក៏មានគ្រូពេទ្យក៏ស្ថិតនៅក្នុងនោះដែរ។
បន្ថែមពីនេះ លោកអភិបាលខេត្ត បានថ្លែងបន្តថា ជាទូទៅការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុង ពន្ធនាគារនេះ គឺមិនមានអ្វីជាការច្របូលច្របល់ទេ ហើយយើងគ្រប់គ្រង ជាផ្នែក ជាកង់បានហើយ និងរៀបរយកន្លែងធ្វើការបានចំនួននៃការឆ្លងមិនច្រើនទេ។ បច្ចុប្បន្នយើងកំពុងតែធ្វើកិច្ចការងារនេះ និងគ្រប់គ្រងលើការងារនេះបានហើយ៕ដោយ៖សហការី
រូបថត៖ឯកសារ លោក ឆែម សាវុធ
រូបភាព៖ ការបិទខ្ទប់នៅពន្ធនាគារខេត្តកណ្តាល