ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចចម្រុះតាមព្រំដែន បានឃាត់ខ្លួនមេខ្យល់ម្នាក់កាលពីរសៀលថ្ងៃទី២៦ខែ ឧសភានេះក្រោយធ្វើសកម្មភាព នាំពលករចំនួន២នាក់ ឆ្លងដែនចូលទៅទឹកដីថៃខុសច្បាប់ត្រង់ ចំណុចម្តុំ (ស្ពាន៣) ភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។
សមត្ថកិច្ចព្រំដែនបានឲ្យដឹងថា
កម្លាំងនគរបាលការពារព្រំដែនលេខ៨១៩ និងកម្លាំងកងយោធពលខេមរភូមិន្ទ សហការជាមួយកម្លាំងទាហាន
ឈុតខ្មៅថៃ កងរយលេខ៥២៥ ដោយធ្វើឡើង បន្ទាប់ពីមានការបបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ។ ក្នុងករណីនេះ
មុខសញ្ញាសង្ស័យជាមេខ្យល់ ចំនួន១នាក់ ដែលឃាត់ខ្លួនបាននេះមានឈ្មោះ កែង ធា ភេទប្រុស អាយុ៣៨ឆ្នាំ។ ដោយឡែកពលករចំនួន២នាក់ និងមេខ្យល់ម្នាក់ទៀត បានរត់គេចខ្លួនបាត់។ បច្ចុប្បន្នជន សង្ស័យខាងលើ ត្រូវបានបញ្ជូនទៅឱ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង អនុវត្តតាមនីតិវិធីច្បាប់បន្ត។
ពាក់ព័ន្ធនឹងករណី នេះ លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង និងជាប្រធានដឹកនាំការស្រាវជ្រាវបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ និងមេខ្យល់ដែលនាំប្រជាពលរដ្ឋចេញ-ចូលនៅប្រទេសថៃ បានស្នើឱ្យមន្ត្រីដែលពាក់ព័ន្ធជាមួយមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ត្រូវបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ព្រោះទង្វើនេះជាអំពើល្មើសច្បាប់៕