លោក​ Jimmy Lai មហាសេដ្ឋីហុងកុង៖​ ខណៈ​កំពុងជាប់ពន្ធនាគារទៅហើយ,​ ពេល​នេះ​អាចប្រឈមការផ្តន្ទាទោសថ្មីផ្សេងទៀត

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters​ បានចុះផ្សាយថា​ លោក ជីមមី ឡៃ (Jimmy Lai) ដែល​ជា​មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយហុងកុង ខណៈ​បច្ចុប្បន្ននេះ​ លោកកំពុងជាប់ពន្ធនាគារស្រាប់ទៅហើយនោះ,​ ពេល​នេះ​ត្រូវបានគេរំពឹងថា៖​ មហាសេដ្ឋីហុងកុងរូបនេះ នឹងទទួលការផ្តន្ទាទោសថ្មីមួយផ្សេងទៀតដាក់ពន្ធនាគារ នៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១នេះ ពាក់ព័ន្ធនឹងការប្រមូលផ្ដុំដោយគ្មានការអនុញ្ញាត កំលុងចលនាបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុង កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩កន្លងទៅ។

ទីភ្នាក់ងារព័ត៌មាន Reuters​ បាននិយាយបន្តថា​ ក្នុងខែឧសភានេះ លោក​ Jimmy Lai និងសកម្មជន០៩នាក់ទៀត បានឆ្លើយសារភាពទោស ចំពោះបទចោទប្រកាន់ផ្សេងមួយទៀត ស្តីពីការរៀបចំការប្រមូលផ្ដុំគ្នា ដោយគ្មានការអនុញ្ញាត កាលពីដើមខែតុលា ឆ្នាំមុន ហើយនឹងត្រូវតុលាការសម្រេចផ្តន្ទាទោសនៅ ថ្ងៃសុក្រផងដែរនេះ។​ ជាក់ស្ដែង​ លោក Jimmy Lai កំពុងជាប់ពន្ធនាគាររយៈពេល១៤ខែ ពីបទចូលរួមសកម្មភាពបាតុកម្មស្រដៀងគ្នា កាលពីថ្ងៃទី១៨ និងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩កន្លងទៅ

សូមជម្រាបថា​ មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយហុងកុងរូបនេះ​ បានជាប់ពន្ធនាគារចាប់តាំងពីខែធ្នូ ឆ្នាំ២០២០មកម្ល៉េះ បន្ទាប់ពីត្រូវបានបដិសេធមិនឱ្យនៅក្រៅឃុំ ក្នុងសំណុំរឿងបទចោទប្រកាន់ដាច់ដោយឡែកមួយ ក្រោមច្បាប់សន្តិសុខជាតិ។ សរុបទាំងអស់ លោក Lai ប្រឈមនឹងការចោទប្រកាន់ចំនួន៣ ក្រោមច្បាប់សន្តិសុខជាតិថ្មីហុងកុង ដែលបានដាក់ដោយប្រទេសចិនកាលពីឆ្នាំ២០២០ ក្នុងការឆ្លើយតបទៅនឹងចលនាបាតុកម្មតវ៉ាដ៏កក្រើក ក្នុងនោះរួមមានទាំងការគុបគិតជាមួយកម្លាំងបរទេសផងដែរ។

គួរបញ្ជាក់ថា លោក Jimmy Lai ត្រូវ​បាន​កម្លាំងប៉ូលីស​ធ្វើ​ការចាប់ខ្លួនម្តងហើយម្តងទៀតលើរូបលោក​ នឹងធ្វើឱ្យមានការរិះគន់ពីរដ្ឋាភិបាលប្រទេសលោកខាងលិច និងក្រុមសិទ្ធិមនុស្សអន្តរជាតិ ដែលបានលើកឡើងនូវការព្រួយបារម្ភ អំពីការបាត់បង់សេរីភាពនៅក្នុង ទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកមួយនេះ រួមទាំងសេរីភាពនៃការបញ្ចេញមតិ និងការប្រមូលផ្ដុំគ្នា៕ដោយ​៖ស​ តារា​

...

រូបថត​៖AFP & Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print