ខេត្តបន្ទាយមានជ័យ៖ បើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចបញ្ចប់ការកំណត់ «តំបន់ក្រហម» ចាប់ពីផ្លូវដើមពុទ្រាភ្ជាប់ទៅផ្លូវមេកាស៊ីណូផ្កាយ៥ ឆ្ពោះទៅទិសខាងជើង ដោយរក្សាទុកតំបន់ក្រហមក្នុងតំបន់កាស៊ីណូដដែល ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ធ្ងន់ធ្ងរលើទីតាំងមួយចំនួនក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចាប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។
ជាក់ស្ដែងនៅក្នុងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ដែលទេីបនិងទទួលបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា បន្ទាប់ពីអាជ្ញាធរខេត្តបន្ទាយមានជ័យ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៤នាក់ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ និងករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន១១៣នាក់ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នៅក្រុងប៉ោយប៉ែត។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ដែលបានប៉ះពាល់ ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំង៤៤នាក់ខាងលើ សូមរួសរាន់ធ្វើចតាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
ដោយឡែកក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតី ដូចជា ឡើងកម្ដៅលើសពី៣៧អង្សាសេ ក្អក កណ្ដាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម…។ល។ ត្រូវប្រញ៉ាប់ទំនាក់ទំនងទៅក្រុម ឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់ និងអាជ្ញាធរ មូលដ្ឋាន តាមរយៈទូរស័ព្ទលេខ០១២ ៧២៤០៤២ / ០១២ ៩៤៨៧៧៩។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន មេត្តាជ្រាប ជាព័ត៌មាន និងបន្តចូលរួមអនុវត្តតាមវិធានការ “ពាការពារ ៣កុំ” ជាដាច់ខាត៕ដោយ៖សហការី
សូមអានព័ត៍មានលម្អិតនៅក្នុងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដូចខាងក្រោម៖